Register Already an agent ? Login

កម្ពុជា-ហុងកុងចុះ MoU កិច្ចសហប្រតិបត្តិការរវិនិយោគ បន្តជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនងលើវិស័យសក្តានុពល

ភ្នំពេញ៖ កម្ពុជា-ហុងកុង ចុះអនុស្សរណៈយោគយល់គ្នាចំនួន២ ស្ដីពីកិច្ចសហប្រតិបត្តិការរវិនិយោគ និងការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈ ជំនួបទ្វេភាគី បន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន។

លោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានចូលជួប ពិភាក្សាជាមួយ សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤។

លោក ជម្រាបជូន សម្តេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។

លោក បានញ្ជាក់ឱ្យដឹងថា តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយលោកផងដែរ។ នាឱកាសនោះ លោក John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និងធុរជនហុងកុង នាពេលកន្លងមក។

បើតាមជំនួបនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។ សម្ដេច បានសម្ដែងនូវក្ដីសោមនស្សរីករាយ ចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នាបរិយាកាសនោះ សម្ដេចធិបតី និងលោក John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ និងការតភ្ជាប់ប្រជាជននិងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើនចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា។

គួរបញ្ជាក់ថា បើតាមជំនួបនេះ សម្ដេចធិបតី និងលោក John KC LEE បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន២៖

១-អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

២-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)