ភ្នំពេញ៖ ក្រុមហ៊ុន China Federation of Logistics & Purchasing (CFLP) ទស្សនកិច្ចកម្ពុជា សិក្សាស្វែងយល់ពីឱកាស ដ៏មានសក្កានុពលក្នុងការសហការ និងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ឃ្លាំងផ្ទុកទំនិញ ផ្លូវទឹក និងកំពង់ផែ។
លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុម China Federation of Logistics & Purchasing (CFLP) ដឹកនាំដោយលោក Kang Shuchun នាយកក្រុមហ៊ុន CFLP នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីឱកាស ដ៏មានសក្កានុពលក្នុងការសហការ និងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ឃ្លាំងផ្ទុកទំនិញ ផ្លូវទឹក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ គណៈប្រតិភូក្រុមហ៊ុនបានចែករំលែកពីការងារវិនិយោគរបស់ក្រុមហ៊ុនក្នុងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក និងបានស្នើសុំការគាំទ្រកិច្ចសហការ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងលើគម្រោងរបស់ខ្លួនផងដែរ។
នាឱកាសនោះ រដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្ដោតជាសំខាន់លើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈ បច្ចុប្បន្នកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)