Register Already an agent ? Login

ក្រុមហ៊ុនចិន មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដី២៧០ហិកតា បណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បាន បង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

លោក ជា វុទ្ធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគ ដឹកនាំដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZDevelopment Co., Ltd. កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

អគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីគម្រោវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោក បានធ្វើការអធិប្បាយដោយសង្ខេបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន បច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

នៅក្នុងឱកាសនៃកិច្ចប្រជុំ លោក កាំង ឡេង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ អគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ។

លោក កាំង ឡេង បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

អគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា និងបានជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងការផ្តល់កិច្ច សម្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)