Register Already an agent ? Login

ពន្ធដារ ប្រមូលពន្ធអារកគ្រប់ប្រភេទបានជិត ២ពាន់លានដុល្លារ ស្មើនឹង ៤៦,០៦% ឆមាសទី១ ឆ្នាំ២០២៤

ភ្នំពេញ៖ រយៈពេល ៦ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអារកគ្រប់ប្រភេទ ជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ៧ ៧៦៧,៧៣ប៊ីលានរៀល (ប្រមាណជា ១ ៩១៧,៩៦លានដុល្លារ) ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធ ប្រចាំខែមិថុនានិងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះលទ្ធផលក្នុងខែមិថុនា ឆ្នាំ២០២៤ ប្រមូលបានចំនួន ១ ០០៥,៧៤ប៊ីលានរៀល (ប្រមាណជា ២៤៨,៣៣លានដុល្លារ) ស្មើនឹង ៥,៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

បើតាមកិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកបំពេញ ភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូល ចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈម នឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និង នយោបាយសកល យ៉ាងណាក៏ដោយ។

នាឱកាសនោះ លោក បានស្នើសុំឱ្យបន្តពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែក ពន្ធដារជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល ផ្នែក ឯកជនលើកទី១៩ និងជំរុញឱ្យអនុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព នូវរាល់វិធានការទាំងនេះឱ្យបានបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៤ ដោយឡែកកិច្ចការងារ ដែលបានដោះស្រាយរួចរាល់ សូមបន្តអនុវត្តន៍ប្រកបដោយនិរន្តរភាព។

បន្ថែមពីនេះ លោក បានស្នើរឱ្យបន្តសហការ និងឈានទៅ បញ្ចប់ការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល២០២៤-២០២៨ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមានតួនាទីសំខាន់ក្នុងនាមជាអគ្គនាយកដ្ឋាន ចំណូល ដែលកន្លងមកអគ្គនាយកដ្ឋាន ពន្ធដារបានផ្តល់ធាតុចូលរួចរាល់ក្តី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)