ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ សម្រេចបាន៨៩,៥៦% ហើយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមានខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់) ដែលបានរអិលបាក់ស្រុត អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនស្រាល ធុនធ្ងន់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ។
គួរបញ្ជាក់ថា នៅពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈ ក្រុមការងារការដ្ឋានកំពុងមមាញឹកទាំងភ្លៀងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធានាឱ្យមានចរាចរណ៍របស់ប្រជាពលរដ្ឋ។
ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោកជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
គួររម្លឹកថា ផ្លូវជាតិលេខ១០នេះ តភ្ជាប់-ខេត្តបាត់ដំបង-ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ ចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)