Register Already an agent ? Login

វិនិយោគិនសេដ្ឋកិច្ចកូរ៉េ ស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងវិស័យសំខាន់ៗ ពិនិត្យលទ្ធភាពបណ្ដាក់ទុន នៅកម្ពុជា

ភ្នំពេញ៖ លោក Park Bong Kyu ប្រធានក្រុមហ៊ុន Korea CEO Summit Co., Ltd បានដឹកនាំគណៈប្រតិភូវិនិយោគិនសេដ្ឋកិច្ចកូរ៉េ ស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសេដ្ឋកិច្ចកូរ៉េដែលដឹកនាំដោយ លោក Park Bong Kyu ប្រធានក្រុមហ៊ុន Korea CEO Summit Co., Ltd កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

បើតាមជំនួបនេះ ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យអេឡិចត្រូនិកនិងយានយន្ដ, កសិកម្ម, ទូរគមនាគមន៍, សុខាភិបាល, អប់រំ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងវិស័យឧស្សាហកម្មនានា។

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ចកូរ៉េ សំដៅស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងវិស័យដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការរីកលូតលាស់នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

មានមតិក្នុងជំនួបខាងលើ លោក សួន សុផល បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានឆ្លៀតពេលវេលាមកជួបពិភាក្សាដោយផ្ទាល់ដើម្បីឈ្វេងយល់ព័ត៌មានបន្ថែមឱ្យកាន់តែស៊ីជម្រៅ និងចំគោលដៅ។

លោក សួន សុផល បានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញដល់ការធ្វើធុរកិច្ចនៅកម្ពុជាតាមរយៈដាក់ចេញនូវយន្ដការវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន ដែលអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ដើម្បីស្នើសុំដំណោះស្រាយនិងអន្ដរាគមន៍ពីរាជរដ្ឋាភិបាល និងកត្តាស្ថិរភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងកម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ដ។

ជាពិសេស រាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលផ្ដល់ភាពអនុគ្រោះដល់ការបណ្ដាក់ទុនវិនិយោគលើគ្រប់វិស័យ។ ជាការគូសបញ្ជាក់ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុកូរ៉េ (Korea Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)