ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ការផ្គត់ផ្គង់ការិយាល័យជួលនៅក្នុងរាជធានីភ្នំពេញ រំពឹងថានឹងមានកំណើនជិត ២០ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត។ សហគ្រិន ឬម្ចាស់ក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរពីការជួលផ្ទះល្វែង ផ្ទះវីឡា រាប់ទាំងសណ្ឋាគារមួយចំនួនផងនោះ ទៅជាការជួលអគារការិយាល័យស្តង់ដារជំនួសវិញ ដែលជាហេតុធ្វើឱ្យកំណើននៃតម្រូវការ និងការផ្គត់ផ្គង់ការិយាល័យនៅភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ក្រោយវិបត្តិកូវីដ-១៩។
ជាទូទៅការផ្គត់ផ្គង់ការិយាល័យត្រូវបានបែងចែកជា ៣កម្រិត រួមមានកម្រិត A, B, C ខណៈ កម្រិត C មានអត្រាផ្គត់ផ្គង់ច្រើនជាងគេ បន្ទាប់មកគឺកម្រិត B ។ ដោយឡែកចំណែកអគារការិយាល័យកម្រិត A មានតិចជាងគេក្នុងចំណោមទាំង៣កម្រិត។ បើតាម របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីនេះ។
តម្លៃនៃការជួលអគារការិយាល័យក្នុងឆមាសទី១ឆ្នាំ ២០២៤នេះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ ឃើញថាមានការធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តែកំណើននៃការប្រើប្រាស់ការិយាល័យស្តង់ដារមានការកើនឡើងជាងឆ្នាំ២០២៣។ បើតាម របាយការណ៍ដដែល បានបន្តថា ប៉ុន្តែចូលមកដល់ឆ្នាំ២០២៤ ការិយាល័យទាំង ៣កម្រិត មានទំហំប្រហាក់ប្រហែលគ្នាទៅវិញ។
បើប្រៀបធៀបនឹងប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម ទាំងតម្រូវការនិងតម្លៃ ឃើញថានៅរាជធានីភ្នំពេញមានតម្លៃទាបជាងបាងកក ប្រទេសថៃ និងហូជីមិញប្រទេសវៀតណាម។ ចំណែកការប្រើប្រាស់វិញក៏មានអត្រាតិចជាងតំបន់ទាំងនោះដែរ។ បើតាមការបន្ថែម CBRE Cambodia។
របាយការណ៍ CBRE Cambodia បានគូសរំលេចថា នៅក្នុងឆ្នាំ២០២៤នេះ មានគម្រោងអគារការិយាល័យលេចធ្លោចំនួន ៤គម្រោងនឹងរំពឹងបញ្ចប់នៅក្នុងឆ្នាំនេះ ក្នុងនោះមានគម្រោង Versailles Square មានទីតាំងនៅតំបន់ខណ្ឌមានជ័យ, គម្រោង Maline Office Park មានទីតាំងនៅចំការមន ,គម្រោង Chief Tower ស្ថិតនៅបឹងកេងកង និងគម្រោង អគារពន្ធដារ ( GDT Tower ) នៅក្នុងខណ្ឌជ្រោយចង្វារ។
នៅដំណាច់ឆ្នាំនេះ ការិយាល័យប្រមាណ ៣៥% ត្រូវបានរំពឹងថាគឺស្ថិតនៅក្នុងអគារពាណិជ្ជកម្មចម្រុះ ក៏ដូចជាអគារខុនដូផងដែរ ក្រៅពីនេះក៏មាននៅក្នុងអគារពាណិជ្ជកម្មដែលមានផ្សារទំនើបនៅខាងក្រោមជាន់ផ្ទាល់ដី នៅក្នុងអគារខុនដូផង និងអគារការិយាល័យផ្ទាល់តែម្ដង។ បើតាម CBRE Cambodia។
គូសបញ្ជាក់ថា អ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងថា តម្រូវការការិយាល័យចាប់ផ្ដើមមានកំណើននៅក្រោយវិបត្តិកូវីដ-១៩ ពោលគឺនៅពេលដែលម្ចាស់អាជីវកម្មមួយចំនួនដែលបានផ្អាកដំណើរការចាប់ផ្តើមមានសកម្មភាពឡើងវិញ ជាពិសេស ប្រភេទអាជីវកម្មថ្មីៗចាប់បើកដំណើរការ និងមានតម្រូវការលើការិយាល័យកម្រិតស្តង់ដារ ខុសពីមុនដែលភាគច្រើនត្រូវការផ្ទះល្វែង ផ្ទះវីឡា ធ្វើជាការិយាល័យរបស់ខ្លួន។
កំណើននៃសហគ្រិនថ្មីៗទាំងក្នុងស្រុក និងមកពីក្រៅប្រទេសក៏បានធ្វើឱ្យតម្រូវការការិយាល័យកើនខ្ពស់ជាងឆ្នាំមុនៗផងដែរ។ ដូច្នេះហើយទើបអ្នកអភិវឌ្ឍន៍បានងាកមកស្វែងរកការវិនិយោគលើអគារការិយាល័យកាន់តែច្រើន ក្នុងនោះការិយាល័យកម្រិត A ក៏ឃើញមានតម្រូវការ និងការផ្គត់ផ្គង់ខ្ពស់ជាងមុន ផ្ទុយកាលពីមុនវិបត្តិកូវីដ-១៩ ម្ចាស់ក្រុមហ៊ុនជាច្រើនបានជ្រើសរើសយកការិយាល័យកម្រិត C ជាទីតាំងការិយល័យរបស់ខ្លួន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)