ភ្នំពេញ៖ វេទិកាទឹកស្អាតកម្ពុជាត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តោតលើការពង្រឹងកិច្ចសហការរវាងរដ្ឋ វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីកម្ពស់លទ្ធភាពទទួលសេវាទឹកស្អាតទូទាំងប្រទេស។
វេទិកា ដែលធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រមូលផ្តុំភាគីពាក់ព័ន្ធជាង៥០០នាក់ ដើម្បីពិភាក្សាលើការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត និងអនុលោមភាពអាជ្ញាប័ណ្ណប្រតិបត្តិការសេវាផ្គត់ផ្គង់ទឹកស្អាត។
លោក ហែម វណ្ណឌី បានលើកឡើងថា រដ្ឋបានផ្តល់វិសាលភាពទូលំទូលាយដល់វិស័យឯកជន ឱ្យចូលរួមផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ ផ្គត់ផ្គង់ទឹកស្អាតដែលអាចជឿទុកចិត្តបាន សម្រាប់តម្រូវការប្រចាំថ្ងៃ គាំទ្រដល់សុខភាពសាធារណៈ និងសម្រាប់ទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម។
លោក រដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងធ្វើការវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្របខណ្ឌទូទាំងប្រទេស និងកំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យនេះ។
ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរាយការណ៍ថា ធនាគារបានកំណត់យកវិស័យទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការផ្តល់ហិរញ្ញប្បទាន ហើយធនាគារក៏បានអនុម័តកម្ចីដែលមានការប្រាក់ទាបប្រមាណ ១៤ លានដុល្លាររួចហើយ ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជន។ ជាការបន្ថែម លោក រដ្ឋមន្ត្រី។
គួរបញ្ជាក់ផងដែរ នៅក្នុងវេទិកានេះ តំណាងស្ថាប័នហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានបង្ហាញពីផលិតផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់វិស័យទឹកស្អាតផងដែរ។ សាជីវកម្មធានាឥណទានកម្ពុជាបានបញ្ជាក់ថាស្ថាប័ននេះ បានធានាប្រាក់កម្ចីសរុបប្រមាណ ២០១លានដុល្លារ ដោយមួយផ្នែកបានគាំទ្រដល់វិស័យទឹកស្អាត។
នៅក្នុងកិច្ចពិភាក្សា ប្រតិបត្តិករទឹកស្អាតឯកជនបានអំពាវនាវឱ្យក្រសួងជួយអន្តរាគមន៍លើបញ្ហាប្រឈមមួយចំនួន រួមទាំងស្វែងរកដំណោះស្រាយចំពោះការខូចខាតបណ្តាញចែកចែកទឹកស្អាត ដែលបង្កដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងស្នើសុំការគាំទ្រប្រភពទឹកដែលមាននិរន្តរភាព។
រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម បានទទួលយកសំណើរបស់វិស័យឯកជន និងបានរំលេចពីតួនាទីសំខាន់របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ លោក បានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជនទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសពង្រឹងសមត្ថភាពបច្ចេកទេស និងអនុលោមភាព ដើម្បីលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាទឹកស្អាតទូទាំងប្រទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)