ស្វាយរៀង៖ រហូតមកដល់ពេលនេះ ស្ថានភាពជាទូទៅក្នុងខេត្តស្វាយរៀង មិនទាន់មានបញ្ហាប្រឈមនឹងការខ្វះខាតទឹក និងជំនន់ទឹកភ្លៀងនោះទេ។ បើតាម ប្រធានក្រុមការងារសម្របសម្រួលធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង បានបន្តថា ចំណែកការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានចំនួន ១០៤៩១២ហិកតា ស្មើនឹង ៦២,៦៣% នៃផែនការ ១៦៧៥០០ហិកតា និងប្រមូលផលសរុបបានចំនួន ១០៩៤ហិកតា ស្មើនឹង០,៦៥%។
លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ព្រមទាំងការងារបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ រដ្ឋលេខាធិការ និងក្រុមការងារ ដោយមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅព្រែកព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំចំបក់ និងឃុំគ្រួស ស្រុកស្វាយជ្រំ ដែលបម្រើដល់ការស្រោចស្រពស្រូវរដូវស្សាចំនួន ៣៩២៩ហិកតា ក្នុងនោះឃុំចំបក់ ១៧១៧ហិកតា និងឃុំគ្រួស ២២១២ហិកតា។
ជាក់ស្តែង ប្រជាកសិករបានអនុវត្តការងារបង្កបង្កើនផលបានចំនួន ៣៤២៤ហិកតា ស្មើនឹង ៨៧% នៃផ្ទៃដីស្រោចស្រពសរុបជាមួយគ្នានេះប្រជាកសិករកំពុងប្រមូលផលស្រូវចំនួន ២៣ហិកតា ស្មើនឹង ០,៦៧%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)