ព្រៃវែង៖ ស្ថានភាពជាទូទៅខេត្តព្រៃវែងរហូតមកដល់បច្ចុប្បន្ន ក្នុងរដូវវស្សាគឺមិនទាន់មានបញ្ហាប្រឈមនឹងការខ្វះទឹក និងជំនន់ទឹកភ្លៀងនោះទេ។ ចំណែក ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានចំនួន ២៥១ ៣៤៥ហិកតា ស្មើនឹង១០០,៥៤% នៃផែនការចំនួន ២៥០ ០០០ហិកតា។ បើតាម លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង។
លោក តន់ វ៉ាន់ថារ៉ា អមដំណើរដោយ អនុប្រធានក្រុមការងារ និងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន និងការងារបង្កបង្កើនផលស្រូវរដូវវស្សា ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រៃវែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
តាមការចុះពិនិត្យជាក់ស្តែង ទី១-ប្រព័ន្ធធារាសាស្រ្តប្រមូលដុំ ស្ថិតក្នុងឃុំស្មោងជើង ស្រុកកំចាយមារ ដែលបម្រើដល់ការស្រោចស្រពស្រូវរដូវស្សាចំនួន ៧៥០ហិកតា និងទី២-ប្រព័ន្ធធារាសាស្រ្តទំនប់ចារ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ដែលបម្រើដល់ការស្រោចស្រពស្រូវរដូវវស្សាចំនួន ២៣៤០ហិកតា។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបន្តពិនិត្យប្រព័ន្ធធារាសាស្រ្តទំនប់ស្ទឹងជោរ ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមារ ដែលក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងបានធ្វើការជួសជុលទ្វារទឹកដែលពុកធ្លាយមិនអាចរក្សាទឹកទុកបាន ដោយកាត់សន្ទះដែកដែលពុកចេញ និងដាក់បន្ទះដែកថ្មីផ្សារភ្ជិតកុំឱ្យទឹកហូរចេញ បញ្ចៀសការខ្វះទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។
ការជួសជុលប្រើរយៈពេលបីថ្ងៃពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ចប់រួចរាល់១០០%។ ប្រព័ន្ធធារាសាស្រ្តនេះបម្រើដល់ការស្រោចស្រពស្រូវរដូវវស្សាចំនួន ២០០០ហិកតា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)