កំពង់ធំ៖ ខេត្តកំពង់ធំ មានឃុំចំនួន ១៣ ក្នុងស្រុកចំនួន៥ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដំណាំស្រូវបានរងផលប៉ះពាល់ ចំនួន៤៧៤ហិកតា និងខូចខាតទាំងស្រុងចំនួន ១២៥ហិកតា។ បើតាមការចុះពិនិត្យផ្ទាល់ និងរបាយការណ៍បន្ថែមពី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
បើតាម របាយការណ៍ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបាន ពីប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានឱ្យដឹងថា ស្រុកទាំង៥ រួមមាន ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍ ដែលមានកសិករសរុបចំនួន ៣៤០គ្រួសារ។
ដំណាំស្រូវបានរងផលប៉ះពាល់ ចំនួន ៤៧៤ហិកតា និងខូចខាតទាំងស្រុងចំនួន ១២៥ហិកតា។ ផ្ទៃដីប៉ះពាល់សរុបនេះ ស្មើនឹង ១.៩៦% បើធៀបនឹងផ្ទៃដីដាំដុះស្រូវវស្សាសរុបក្នុងឃុំ និងស្មើនឹង ០.២៤% បើធៀបនឹងផ្ទៃដីដែលបានដាំដុះស្រូវវស្សាក្នុងខេត្ត។ បើតាមការបញ្ជាក់ របស់ប្រធានមន្ទីរកសិកម្មដដែល។
ប្រធានមន្ទីរកសិកម្មដដែល បានបន្ថែមថា ចំពោះការខូចខាតវិញ ស្មើនឹង 0.៥២% បើធៀបនឹងផ្ទៃដីដាំដុះក្នុងឃុំនិងស្មើនឹង០.០៦% បើធៀបនឹងផ្ទៃដីដាំដុះសរុបក្នុងខេត្ត។
គួរបញ្ជាក់ថា នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៤ ប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងារ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង នៅឃុំកំពង់គោ និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ស្ថិតក្នុងស្ថានភាពនេះ ក្រុមការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងបញ្ជាផ្ទាល់ពី លោក នួន ផារ័ត្ន អភិបាលខេត្ត បានអន្តរាគមន៍ស្តាប្រឡាយបណ្តោះទឹកនៅក្នុងឃុំបារាយណ៍ ដើម្បីរំដោះទឹកចេញពីវាលស្រែដែលមានផ្ទៃដីប្រមាណ ២០០ហិកតា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)