កណ្ដាល៖ ប្រជាពលរដ្ឋ ចំនួន ៣ភូមិ ក្នុងឃុំចំនួន២ នៃស្រុកកៀនស្វាយ ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល សរុបចំនួន ៤,១៦៣បណ្ណ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិកណ្តាល និងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
ថ្ងៃនេះ គឺជាលើកទី២១៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិជ័យឧត្តម ឃុំសំរោងធំ ភូមិកណ្តាលក្រោម និងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ សរុបចំនួន ៤,១៦៣បណ្ណ។ បើតាម លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល។
លោក ប្រធានមន្ទីរ បានបន្តថា ក្នុងនោះ ភូមិជ័យឧត្តម ចេញបណ្ណបានចំនួន ១,២០៩ក្បាលដី ភូមិកណ្តាលក្រោម ចេញបណ្ណបាន ១,៨៥៩ក្បាលដី និងភូមិកណ្តាល ចេញបណ្ណបាន ១,០៩៥ក្បាលដី។
លោក គួច ចំរើន បានអបអរសាទរជាមួយប្រជាពលរដ្ឋ នៅភូមិកណ្តាល និងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ នៃស្រុកកៀនស្វាយ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។
លោក បានបន្តថា ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ ។ល។
ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នក កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល យកប្លង់ដី។ ជាការគូសបញ្ជាក់ អភិបាលខេត្តកណ្ដាល។
ក្នុងឱកាសនោះដែរ លោកភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនថ្នាក់ដឹកនាំ និងជូនប្រជាពលរដ្ឋ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានស្រុក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)