កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ២,៣២៤បណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងក្នុងពិធីខាងលើ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានថ្លែងថា ថ្ងៃនេះគឺជាលើកទី២១៨ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល។
លោក បានបន្តថា ការចែកនេះសរុបចំនួន ២,៣២៤បណ្ណ ក្នុងនោះ ភូមិពាម ចេញប័ណ្ណបានចំនួន ៥៤៦ក្បាលដី ភូមិព្រៃពួច ចេញបណ្ណបានចំនួន ៣៥៦ក្បាលដី ភូមិបឹងរមាស់ ចេញប័ណ្ណបានចំនួន ៨៥៣ក្បាលដី និងភូមិបឹងទ្រា ចេញបណ្ណបានចំនួន ៥៦៩ក្បាលដី។
នាពិធិនោះ លោក គួច ចំរើន បានអបអរសាទរជាមួយប្រជាពលរដ្ឋ នៅភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។
ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ ។ល។ ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នក កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល យកប្លង់ដី។ ជាការបន្ត លោក គួច ចំរើន។
អភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនថ្នាក់ដឹកនាំ និងជូនប្រជាពរដ្ឋ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានស្រុក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)