ភ្នំពេញ៖ ប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន ៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ (China Chamber of Commerce for Import & Export of Textiles-CCCT)។
បើតាមជំនួបនេះ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដូចជា៖ ការផលិតសម្លៀកបំពាក់ អាវ រងារ ស្បែកជើង ក្រណាត់និងជ្រលក់ពណ៌ សម្ភារៈសម្រាប់ផលិតសម្លៀកបំពាក់ ទ្រនាប់កអាវនិងមួក ការ ផលិតសូត្រ...។ល។
លោក ជា វុទ្ធី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោក បានបន្តថា នេះជាលើកទី២ ក្នុងរយៈពេលបីខែ ដែលបានទទួលជួបគណៈប្រតិភូវិនិយោគដឹកនាំដោយ CCCT នេះបង្ហាញពីឆន្ទះដ៏មោះមុតក្នុងការស្វែងរក ការបណ្តាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងពិតប្រាកដ។
ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ” ដើម្បី ជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាការបន្តទៀត លោក ជា វុទ្ធី។
អគ្គលេខាធិកា រក៏បានលើកឡើងពីរំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយ ទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងការវិនិយោគបរទេសផ្សេងទៀត ដែលការណ៍នេះគឺដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា។
ជាមួយគ្នា នេះផងដែរ ដើម្បីឱ្យគណៈប្រតិភូកាន់តែមានទំនុកចិត្ត និងទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការពិចារណា បណ្តាក់ទុនវិនិយោគ អគ្គលេខាធិការ ក៏បានជម្រាបជូនថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន៤៤ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមាន ២៨។
លោក បានបន្ថែមថា កម្ពុជាក៏មានរោងចក្រផលិត សំបកកង់រថយន្ត រោងចក្រផលិតកង់ រោងចក្រផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក គ្រឿងសង្ហារឹម...។ល។ ដែលឧស្សាហកម្មទាំងនេះមានការវិនិយោគជាចង្កោម។
លោក ជាង ស៊ីអាន បានថ្លែងអំណរគុណអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួប ពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។ លោក បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានស្នើឱ្យសមាជិក គណៈប្រតិភូធ្វើឧទ្ទេសនាមអំពីសកម្មភាពវិនិយោគរបស់ខ្លួន និងគោលបំណងនៃការអញ្ជើញមកកម្ពុជា ក៏ដូច ជាលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដែលជារួមក្រុមហ៊ុនទាំងអស់មានបំណងពង្រីកការ វិនិយោគមកកម្ពុជា។
បើតាម ប្រធានគណៈប្រតិភូ មានជំនឿជឿជាក់យ៉ាងមុតមាំថាបន្ទាប់ពីជំនួបពិភាក្សាការងារ នាព្រឹកនេះ សមាជិកគណៈប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្តាក់ទុន វិនិយោគនៅកម្ពុជាជាក់ជាពុំខាន។
ឆ្លៀតក្នុងឱកាសនេះដែរ ដោយយោងលើស្ថានភាពនៃការវិនិយោគនៅកម្ពុជាដែលភាគច្រើននាំចូលវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចដើម្បីផលិតជាផលិតផលផ្សេងៗនាំចេញទៅទីផ្សារបរទេស លោក ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដែលមានខ្សែច្រវាក់ផលតិកម្មពីលើដល់ក្រោម (upstream to downstream) ដើម្បីធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងស្រុក, ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការការពារបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)