ប៉ៃលិន៖ សំណង់ស្ទាក់ទឹកស្ទឹងស្រែអន្ទាក់ មានសក្ដានុពលតម្កល់ទឹកទុកបម្រើឱ្យការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចរួចរាល់ ១០០%។ បើតាមលោក ឈ្នាង ប៊ុយ ប្រធានគ្រប់គ្រងគម្រោងបានបញ្ជាក់។
សំណង់ស្ទាក់ទឹកស្ទឹងស្រែអន្ទាក់ទទួលទឹកពីស្ទឹងប៉ៃលិន និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានទីតាំងស្ថិតនៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានលទ្ធភាពតម្កល់ទឹកប្រមាណ ៥០ម៉ឺនទៅ ៦០ម៉ឺនម៉ែត្រគូប គឺជាសមិទ្ធផលថ្មីមួយ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
កន្លងមក នៅរដូវប្រាំង ភូមិមួយចំនួននៅក្នុងឃុំសាលាក្រៅតែងតែជួបប្រទះនូវកង្វះខាតទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ការស្រោចស្រពផ្ទៃដីកសិកម្ម ដោយត្រូវជីកអណ្ដូងតាមបាតអូរ និងស្ទឹង យកទៅប្រើប្រាស់។
នៅក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីបានចុះសិក្សាវាយតម្លៃ និងធ្វើការវាស់ស្ទង់ ប្រមូលទិន្នន័យទៅតាមលក្ខណៈបច្ចេកទេស នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងសាងសង់សំណង់ស្ទាក់ស្ទឹងស្រែអន្ទាក់មួយកន្លែង ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹកទុកសម្រាប់ប្រើប្រាស់លើការងារស្រោចស្រពបានតាមតម្រូវការលើផ្ទៃដីបង្កបង្កើនផលដែលមានស្រាប់ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ នៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
បើតាមលោក ឈ្នាង ប៊ុយ ប្រធានគ្រប់គ្រងគម្រោង បានបញ្ជាក់ថា ការងារសាងសង់បានចាប់ផ្ដើមកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះមានការសាងសង់សំណង់ស្ទាក់ស្ទឹង ១កន្លែងដែលមានទ្វារទឹកចំនួន៩ និងសាងសង់ទំនប់សណ្តប្រវែង ១០០០ម៉ែត្រ បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចរួចរាល់ ១០០%។
លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានសម្តែងនូវក្ដីរំភើបរីករាយ ព្រមទាំងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំខេត្ត ចំពោះសមិទ្ធផលថ្មី គឺសំណង់ស្ទាក់ស្ទឹងមួយកន្លែងនេះដែលមានសារប្រយោជន៍ក្នុងការស្ដុកទឹក និងបង្វែរទឹកស្រោចស្រពផ្ទៃដីបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងឃុំសាលាក្រៅ និងបានចាត់ទុកសំណង់ស្ទាក់ស្ទឹងនេះជាសំណង់ទីមួយ ក្នុងប្រវត្ដិសាស្ដ្រនៃទឹកដីត្បូងពេជ្រ ខេត្ដប៉ៃលិន។
លោក ម៉ក់ សាមិន មេភូមិស្រែអន្ទាក់ បានថ្លែងថា ប្រជាពលរដ្ឋយើងខ្ញុំកំពុងតែសប្បាយចិត្ដណាស់ឥឡូវ ពីព្រោះគាត់ឃើញសមិទ្ធផលជាក់ស្ដែង អញ្ចឹងមិនថាអ្វីទេគឺរីកចម្រើនសឹងគ្រប់វិស័យទាំងអស់ ហើយក៏ខ្ញុំសូមប្ដេជ្ញាចិត្ដតែថាជួយថែរក្សាឱ្យបានគង់វង្សតកូនតចៅ។
គូសបញ្ជាក់ថា ក្រោយពេលសាងសង់រួចតាមលក្ខណៈបច្ចេកទេស សំណង់ស្ទាក់ទឹកស្ទឹងស្រែអន្ទាក់ នឹងមានលទ្ធភាពស្ទាក់ទឹកទុកយកមកធ្វើការស្រោចស្រពបន្ថែមនៅរដូវវស្សា រដូវប្រាំង និងដំណាំចំការលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាចំនួន ១០៥៥ ហិកតា ស្រូវរដូវប្រាំងចំនួន ២១៥ហិកតា និងដំណាំចំការចំនួន ២១៤០ហិកតា ជូនប្រជាពលរដ្ឋប្រមាណ ៥៥៤គ្រួសារ នៅភូមិចំនួន៣ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាមួយគ្នានេះ កសិករដែលរស់នៅក្នុងតំបន់ក៏អាចទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរជាងមុន មានមធ្យោបាយធ្វើដំណើរឆ្លងកាត់ទំនាក់ទំនងគ្នា ងាយស្រួលក្នុងការដឹកជញ្ជូនកសិផលយកទៅលក់នៅទីផ្សារ និងបានជួយថែរក្សា អភិរក្ស ធនធានធម្មជាតិនៅក្នុងមូលដ្ឋាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)