ភ្នំពេញ៖ ជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩លានយ៉េនជប៉ុន (ប្រមាណ ៥៧,៥ លានដុល្លារ)។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩លានយ៉េនជប៉ុន ប្រមាណ ៥៧,៥លានដុល្លារ។
បើតាមការជូនដំណឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន១ និង កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន១។
១-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project - JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ប្រមាណ ២,៥ លានដុល្លារ។
គម្រោងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាង ប្រទេសទាំងពីរ តាមរយៈការទំនាក់ទំនង សកម្មភាពសិក្សា និងសង្គម និងបទពិសោធន៍នៅប្រទេសជប៉ុន។
២-កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma`am-Battambang and Sri Sophorn-Poipet Sections) (III)] មានទឹកប្រាក់ចំនួន ៨ ២៩៣លានយ៉េនជប៉ុន ប្រមាណ ៥៥លានដុល្លារ។
ឥណទានដំណាក់កាលទី៣នេះ គឺជាឥណទានសម្រាប់បំពេញបន្ថែមឱ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់គម្រោង ដើម្បីឈានទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត។ ជាការបញ្ជាក់ ក្រសួងសេដ្ឋកិច្ច។
កំណាត់ផ្លូវនេះ មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ក្នុងនោះ ពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង ៩៩,២១គីឡូម៉ែត្រ ជាផ្លូវ ៤គន្លង, ផ្លូវវាងក្រុងពោធិ៍សាត់ ១១,៦៩គីឡូម៉ែត្រ និងកំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥,១៤គីឡូម៉ែត្រ។
ជារួម គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ពីស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត ក្នុងក្របខ័ណ្ឌ ឥណទានសម្បទានជប៉ុន មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ៤គន្លង មានទទឹង ២៣ម៉ែត្រដោយ ក្រាលកៅស៊ូ A/C កម្រាស់ ១៥ស.ម និងមានសួនច្បារកណ្តាល។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេស JICA ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមគាំទ្រដល់ កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅនៃកម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)