កំពង់ធំ៖ គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រាងសាងសង់ទំនប់អាងទឹកកំពង់គោ ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រេចបានលើសពី ៣០% និងកំពុងបន្តយ៉ាងសកម្ម។ បើតាម លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ។
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យការគ្រប់គ្រងទឹករបស់អាងស្ទឹងសែនចាប់ពីភូមិសាស្រ្តស្រុកសណ្តាន់រហូតដល់ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពទឹកស្ទឹងសែនក្នុងភូមិសាស្ត្រខេត្តកំពង់ធំកំពុងហក់ឡើងខ្លាំង ជាពិសេសត្រង់ចំណុចការដ្ឋានទំនប់អាងទឹកកំពង់គោក្នុងឃុំកំពង់គោ ដែលមានធាទឹកប្រមាណ ៩០០ម៉ែត្រគូប ក្នុងមួយវិនាទី ហើយកម្រិតកម្ពស់ទឹកនេះនឹងបន្តឡើងប្រមាណ ១ម៉ែត្របន្ថែមទៀត បើសិនជានៅតំបន់ខាងលើ ស្រុករវៀង ខេត្តព្រះវិហារនៅតែបន្តភ្លៀង។
លោក បានបន្តថា ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកកំពង់គោស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទំនប់នេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ហិកតា គ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ ការងារសំខាន់ៗ រួមមានសំណង់កាត់ស្ទឹងសែនប្រវែង ២៥០ម៉ែត្រ ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ និងសំណង់សិល្បការ្យ ៤០កន្លែង។
រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រាងសាងសង់ទំនប់អាងទឹកកំពង់គោ សម្រេចបានលើសពី ៣០% និងកំពុងបន្តយ៉ាងសកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)