ភ្នំពេញ៖ រយៈពេល៥ខែឆ្នាំ២០២៤ គម្រោងសាងសង់ចំនួន ១៣៣០គម្រោង ត្រូវបានអនុម័ត មានផ្ទៃក្រឡា ៤ ២៧៨ពាន់ម៉ែត្រការ៉េ បើធៀបនឹងឆ្នាំ២០២៣ ធ្លាក់ចុះ ២៣% ផ្ទៃក្រឡាធ្លាក់ចុះ ៩%។ បើតាមរបាយការណ៍ និន្នាការសេដ្ឋកិច្ច សង្គម ប្រចាំខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាម របាយការណ៍នេះ គម្រោងទទួលបានការអនុញ្ញាតសាងសង់រួមមាន គម្រោងលំនៅដ្ឋាន ១០៩៥គម្រោង (បុរីចំនួន ១០៦១គម្រោង និងខុនដូ ៣៤គម្រោង) សំណង់ឧស្សាហកម្ម ៨៨គម្រោង, សំណង់ពាណិជ្ជកម្ម ៩០គម្រោង, សំណង់ទេសចរណ៍ ២១គម្រោង, សំណង់សាធារណៈ ៣៥គម្រោង និងសំណង់វិនិយោគ ១គម្រោង។
ការអនុម័តគំរោងសាងសង់ជាទឹកប្រាក់បានថយចុះ ២០.២% ប៉ុន្តែ ការនាំចូលគ្រឿងសំណង់បានកើនឡើង ២៣.១% និងការផលិតស៊ីម៉ងត៍ក្នុងស្រុកបានកើនឡើង ៤.៧% ប្រមាណ ៣.៥លានតោន ដែលជាធាតុបង្ហាញពីការកើនឡើងនៃវិស័យនេះ។ បើតាមការបន្ត របាយការណ៍ដដែល។
បើតាម របាយការណ៍ដដែល នៅខែឧសភា ឆ្នាំ២០២៤ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ សរុបមានចំនួន ២៣១គម្រោង ធ្លាក់ចុះ១៤.១%, មានផ្ទៃក្រឡា ១ ៣៧៣ពាន់ម៉ែត្រការ៉េ កើន៤៩.៧%, ប្រើប្រាស់ទុន ៧៣៩.៧លានដុល្លារ កើន១៥៩.៩% ធៀបនឹងខែមេសា។ ក្នុងខែឧសភា ឆ្នាំ២០២៤ ទំហំផ្ទៃក្រឡាគម្រោងសាងសង់ និងទុនងើបឡើងវិញបន្តិចធៀបនឹងខែមេសា ខណៈ ចំនួនសាងសង់មានការធ្លាក់ចុះ ប៉ុន្តែការនាំចូល និងការផលិតគ្រឿងសំណង់មានការកើនឡើង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)