ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំ២០២៤ មាន៥,0% ដោយសារការកើនឡើងនៃការនាំចេញក្នុងតំបន់ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់ ពីការព្យាករពីមុន ៤,៩%។ បើយោងតាមរបាយការណ៍ចុងក្រោយនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
នៅឆ្នាំ២០២៤ សម្រាប់អតិផរណាត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹម ២,៩% ខណៈ តម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ មានការថមថយ។ បើតាមការបន្ត ADO បានបន្តទៀតថា បន្ទាប់ពីការងើបឡើងវិញក្រោយជំងឺរាតត្បាតដែលជំរុញជាចម្បងដោយតម្រូវការក្នុងស្រុក ការនាំចេញកំពុងស្ទុះងើបឡើងវិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។
តម្រូវការសកលខ្លាំងលើគ្រឿង អេឡិចត្រូនិក ជាពិសេស semiconductors ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។ បើតាមការបន្ថែម ADO។
ភាគច្រើននៃប្រទេសនៅ អាស៊ី និងប៉ាស៊ីហ្វិកកំពុងមើលឃើញកំណើនសេដ្ឋកិច្ចខ្ពស់ជាងកាលពីឆមាសទីពីរនៃឆ្នាំមុន។ បើតាមការលើកឡើង លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បន្តថា មូលដ្ឋានគ្រឹះនៃតំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយនៅតែត្រូវយកចិត្តទុកដាក់ លើហានិភ័យមួយចំនួនដែលអាចប៉ះពាល់ដល់ទស្សនវិស័យនេះ ដែលរួមមានភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេចលើចិត្តអត្រាការប្រាក់ និង ភាពតានតឹងភូមិសាស្ត្រនយោបាយ។
អតិផរណាកំពុងថយទៅរកកម្រិតមុនមានការរាតត្បាតនៅក្នុងតំបន់ទាំងមូល សម្ពាធតម្លៃនៅតែកើនឡើងនៅក្នុងប្រទេសមួយចំនួន។ អតិផរណាម្ហូបអាហារនៅតែមានកម្រិតខ្ពស់នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមួយផ្នែកដោយសារអាកាសធាតុមិនល្អ និងការរឹតបន្តឹងការនាំចេញអាហារនៅក្នុងប្រទេសមួយចំនួន។ បើតាម ADO។
ការព្យាករកំណើនសម្រាប់ចិន ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ត្រូវបានរក្សានៅ ៤,៨% នៅឆ្នាំនេះ។ ការបន្តស្ទុះងើបឡើងវិញនៃការប្រើប្រាស់សេវាកម្ម ព្រមទាំងការនាំចេញ និងសកម្មភាពឧស្សាហកម្មខ្ពស់ជាងការរំពឹងទុក កំពុងគាំទ្រដល់កំណើន បើទោះបីជាវិស័យអចលនទ្រព្យរបស់ចិនកំពុងជួបការលំបាក មិនទាន់មានស្ថិរភាពក៏ដោយ។ រដ្ឋាភិបាលបានដាក់ចេញវិធានការគោលនយោបាយបន្ថែមក្នុងខែឧសភា ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ។
ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជាសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ក៏មិនផ្លាស់ប្តូរដែរក្នុងអត្រា ៧,0% សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។ វិស័យឧស្សាហកម្មរបស់ប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថានឹងកើនឡើងខ្លាំង ដែលជំរុញដោយការផលិត និងតម្រូវការខ្ពស់ក្នុងការសាងសង់។ កសិកម្មត្រូវបានគេរំពឹងថា នឹងងើបឡើងវិញ ខណៈមានការព្យាករអំពីខ្យល់មូសុងច្រើនជាងធម្មតា ជាមួយតម្រូវការវិនិយោគនៅតែរឹងមាំ ដែលនាំមុខដោយការវិនិយោគសាធារណៈ។
គូសបញ្ជាក់ថា សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ការព្យាករកំណើនត្រូវបានរក្សានៅកម្រិត ៤,៦% នៅឆ្នាំ២០២៤ ខណៈមានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ។
ទស្សនវិស័យឆ្នាំ២០២៤ សម្រាប់ តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច និងអាស៊ីកណ្តាលនឹងកើនឡើងដល់ ៤,៥% ពីការព្យាករពីមុន ៤,៣% ដែលជំរុញខ្លះដោយកំណើនខ្លាំងជាងការរំពឹងទុកនៅ អាស៊ែបៃហ្សង់ និង សាធារណរដ្ឋកៀហ្ស៊ីស៊ី។
នៅតំបន់ប៉ាស៊ីហ្វិក ទស្សនវិស័យសម្រាប់ឆ្នាំ២០២៤ រក្សាបាននូវ កំណើន ៣,៣% ដែលជំរុញដោយការចំណាយលើវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងសកម្មភាពរុករករ៉ែដែលសកម្មឡើងវិញនៅក្នុងប្រទេសប៉ាពួញូហ្គីណេ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)