ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ ចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ) បច្ចុប្បន្នក្រុមហ៊ុន បាន និងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលនាខាងមុខ។
មកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ (Traffic volume survey) សិក្សាជលសាស្ត្រ (Hydrological survey) ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)។
បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលនាខាងមុខ។
ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគសាងសង់គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្មលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។
ជាបច្ចេកទេសផ្លូវនេះ ដូចគ្នានិងគម្រោងផ្លូវល្បឿនលឿនទាំង ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ២គន្លងមក)ទទឹង ៣,៧៥ម៉ែត្រ សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង ៣ម៉ែត្រ គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវទទឹង ០,៧៥ម៉ែត្រ ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
គួរបញ្ជាក់ថា គម្រោងផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម៤) ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ៥ តំបន់ផ្តល់ សេវាកម្ម ១ ចំណតរថយន្ត ១) ខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត១)។ សរុបមានផ្លូវប្តូរទិស ១០កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត២កន្លែង។
គម្រោងនេះ ត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គីឡូម៉ែត្រចំណាយថវិកាប្រមាណ ២.៥ប៊ីលាន និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ១.៧ប៊ីលាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)