ភ្នំពេញ៖ តាមល្បឿននៃសកម្មភាពនៅការដ្ឋាននីមួយៗគម្រោងអភិវឌ្ឍន៍និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗចំនួនបីខ្សែនឹងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤នេះ។ សមិទ្ធផលនេះ នឹងសម្រួលដល់វិស័យដឹកជញ្ជូន វិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
គម្រោងផ្លូវជាតិ៧១C ដែលតភ្ជាប់ពីខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំប្រវែងជាង ១១៤គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់រួចរាល់នៅពាក់កណ្ដាល ឆ្នាំ២០២៤នេះ។ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ទាំងនោះអាចធ្វើដំណើរតាមផ្លូវ នេះបាន។ ជាការក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិ៧១C គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២១។ បច្ចុប្បន្ន កំពុងបន្ត ដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ច ការដាំស្មៅការពារ ការហូរច្រោះដីចំណីផ្លូវ ដោយគ្រោងបញ្ចប់ជាស្ថាពរត្រឹម ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ ផ្លូវជាតិចំនួនពីរខ្សែទៀត ក៏គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤នេះផងដែរ រួមមាន ផ្លូវជាតិលេខ៣១ តភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចបែកគុស ស្រុកត្រាំកក់ ខេត្តតាកែវ ទៅកាន់ផ្លូវបំបែកតន់ហន់ ក្នុងស្រុកកំពង់ត្រាច ខេត្ត កំពត និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីស្រុកកំពង់ត្រាច ទៅកាន់ទីរួមខេត្តកំពតដោយកាត់ខេត្តកែប។
ផ្លូវជាតិទាំងពីរខ្សែនេះ មានសារៈសំខាន់ក្នុងការតភ្ជាប់ ពីភ្នំពេញ-កណ្ដាល-កំពង់ស្ពឺ-តាកែវ ទៅកាន់ទឹកដី ខេត្តតំបន់សមុទ្រ រួមមាន ខេត្តកែប ខេត្តកំពត និងជាផ្លូវដឹកជញ្ជូនទំនិញយ៉ាងសំខាន់មួយទៅកាន់ច្រកទ្វារអន្តរជាតិព្រែកចាកក្នុងស្រុកកំពង់ត្រាច។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម័្ពន្ធនេះនឹងក្លាយទៅជាសរសៃដ៏សំខាន់មួយទៀត សម្រាប់បម្រើដល់ការងារដឹកជញ្ជូនទំនិញចេញចូលកំពង់ផែ តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ខណៈ គម្រោងព្រែកជីកហ្វូណនតេជោនឹងមានសង់ កំពង់ផែរណបមួយចំនួន ជាពិសេស នៅក្នុងស្រុកអង្គរជ័យ, បន្ទាយមាស និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងស្រុកកំពង់ត្រាចខេត្តកំពត ផងដែរ។
ទន្ទឹមនឹងនេះ គម្រោងអភិវឌ្ឍន៍ផ្លូវមួយចំនួនបាននិងកំពុងពន្លឿនដើម្បីបញ្ចប់នៅក្នុងឆ្នាំ២០២៤នេះ ក៏មានគម្រោង មួយចំនួនទៀតក៏គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះដែរ ដូចជា គម្រោងផ្លូវ៥០C ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)