ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍មានទំហំប្រមាណ ១៤០.១៤លានដុល្លារ ត្រីមាសទី១ ឆ្នាំ២០២៤ បានថយចុះប្រមាណ ៧១% បើធៀបនឹងរគ្រាដូចគ្នា ឆ្នាំ២០២៣។ តាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានបំណុលជាង ១១.០៩ប៊ីលានដុល្លារ ដែលស្ថិតក្នុងកម្រិតគ្មានហានិភ័យ និងអាចគ្រប់គ្រង។ ជាការបញ្ជាក់ ព្រឹត្តិបត្រស្ថិតិ បានបន្តថា ឥណទានទាំងនេះ សុទ្ធសឹងតែជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤០%។
គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវហិរញ្ញប្បទាន ក្នុងវិស័យអទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ បើតាមការបន្ត ព្រឹត្តិបត្រស្ថិតិ។
ដោយឡែក ការដកសាច់ប្រាក់វិញ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលអាណត្តិថ្មី បានដកសាច់ប្រាក់ឥណទានសម្បនទាន ដែលបានចុះកិច្ចព្រមព្រៀងនាពេលកន្លងមកមានចំនួន ១៤១.៦៤លានដុល្លារ ថយចុះប្រមាណ ៤៧%។ បើតាមការសេដ្ឋកិច្ច បន្តថា ការដកសាច់ប្រាក់នេះ សម្រាប់ប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨៨% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត ១២%។
ការចុះកិច្ចព្រមព្រៀងឥណទានថយចុះនេះ អាចមកពីរាជរដ្ឋាភិបាលមានថវិកាបំរុងទុក ដែលឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍សាធារណៈរបស់ខ្លួន។ មួយវិញអាចរដ្ឋាភិបាលមិនចង់បង្កើនបំណុលសាធារណៈឱ្យខ្ពស់ បើធៀបទៅនឹងតម្រូវការគម្រោងវិនិយោគសាធារណៈ។ បើតាម លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា Fresh News បានស្រង់សំដី។
លោក បានបន្តថា គម្រោងអភិវឌ្ឍន៍សាធារណៈមួយចំនួន រាជរដ្ឋាភិបានធ្វើច្រើនហើយ ក្នុងអាណត្តិកន្លងមក ដូចច្នេះនៅក្នុងអាណត្តិជាបន្តបន្ទាប់ គឺរដ្ឋាភិបាលមានលទ្ធភាពនៅក្នុងការបង្វិល ឬលទ្ធភាពដោះស្រាយនូវគម្រោងវិនិយោគសាធារណៈរបស់ខ្លួន នូវគម្រោងសំខាន់ៗដោយខ្លួនឯងបាន ដូច្នេះរដ្ឋាភិបាលមិនចង់ទៅបង្កើននូវបំណុលថែមទៀតទេ។
គួសបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១.០៩ប៊ីលានដុល្លារ ក្នុងនោះ ៩៩.១២% ត្រូវប្រមាណ ១១ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ០.៨៨% ត្រូវនឹងប្រមាណ ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)