ភ្នំពេញ៖ រាជរដ្ឋាភិបាលនាប៉ុន្មានឆ្នាំចុងក្រោយនេះបាន ចំណាយថវិការាប់ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរចនាសម្ព័ន្ធសំខាន់ៗជាច្រើន ក្នុងនោះមានគម្រោងធំៗចំនួន៣ កំពុងដំណើរការអភិវឌ្ឍជាមួយទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារ និងសុទ្ធតែជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។
គម្រោងទាំង ៣នេះមាន៖
១. គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៖ គម្រោងនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី២ របស់កម្ពុជាបន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវមួយខ្សែនេះមានតម្លៃប្រមាណ ១,៦៣ពាន់លានដុល្លារ។ គឺជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ពីព្រោះកម្ពុជាមិនទាន់មានផ្លូវល្បឿនលឿនដែលអាចតភ្ជាប់ទៅកាន់តំបន់ព្រំដែនអន្តរជាតិនៅឡើយ។ រាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ប្រមាណ ១ឆ្នាំមកហើយ ។
២.គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ៖ សំណង់ដ៏ធំនេះក៏ចាត់ទុកជាគម្រោងប្រវត្តិសាស្ត្រដែរ ដោយសារតែកម្ពុជាមិនទាន់មានអាកាសយានដ្ឋានដែលមានស្តង់ដារធំបែបនេះ និងអាចឱ្យយន្តហោះខ្នាតធំៗចុះចតបាន។
អាកាសយានដ្ឋាននេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ២០០០លានដុល្លារ បច្ចុប្បន្នក្រុមហ៊ុនសាងសង់បានចំណាយ ជាង ១ ១០០លានដុល្លារ ហើយ។ តាមផែនការ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី១ នឹងត្រូវដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៥ ខាងមុខ។
៣. គម្រោងព្រែកជីកហ្វូណនតេជោ៖ គម្រោងព្រែកជីកហ្វូណនតេជោគ្រោងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ខាងមុខ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គម្រោងមួយនេះ ចាត់ទុកជាគម្រោងប្រវត្តិសាស្ត្រខាងផ្លូវទឹក ដែលជាគម្រោងផ្លូវទឹកថ្មីរបស់កម្ពុជាតភ្ជាប់ពីទឹកសាបទៅកាន់សមុទ្ររបស់កម្ពុជា។ នៅពេលគម្រោងនេះ សាងសង់រួចរាល់ កម្ពុជារំពឹងនឹងមានឯករាជ្យភាពខាងផ្លូវទឹក ដោយរាល់ទំនិញនាំចេញ-នាំចូលលែងពឹងលើផ្លូវទឹកប្រទេសជិតខាង (វៀតណាម)ដូចមុនទៀតហើយ ។
មិនតែប៉ុណ្ណោះ វាក៏ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកដែលអាចស្រូវទាបទាញទេសចរអន្តរជាតិបានមួយកម្រិតទៀត។ ម្រោងនេះ គ្រោងនឹងចំណាយថវិកាប្រមាណ ១ ៧០០លានដុល្លារ សម្រាប់ដំណើរការសាងសង់។
តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗទាំង៣ អាចជួយឱ្យកម្ពុជាក្លាយជាប្រទេសកាន់តែទាក់ទាញលើការវិនិយោគ និងវិស័យទេសចរណ៍ ជាពិសេសជួយសម្រួលដល់វិស័យឡូជីស្ទីកនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)