សៀមរាប៖ គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងភូមិសាស្រ្តខេត្តសៀមរាប គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងភូមិសាស្រ្តខេត្តសៀមរាប វឌ្ឍនភាពការងារសម្រេចបានប្រមាណ៩០% ហើយគ្រោងនឹងបញ្ចប់នៅក្នុងចុងខែកក្កដា ឆ្នាំ២០២៤។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសនាយកដ្ឋាន ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
តមការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងនេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក បានឱ្យដឹងថា ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ១-ជួសជុលទំនប់ប្រវែង ៤២០០ម៉ែត្រ និង ២-សំណង់សិល្បការ្យចំនួន ៨កន្លែង។
លោក ប្រធាននាយកដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យដឹងថា ការងារជួសជុលបានចាប់ផ្តើមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់នៅក្នុងចុងខែកក្កដា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ទំនប់អាងទឹកសួង៧៨ កសាងឡើងក្នុងសម័យប៉ុលពត មានតួនាទីទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែងមកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ១១៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃស្រុកជីក្រែង ខេត្តសៀមរាប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)