ពោធិ៍សាត់៖ គម្រោងស្តារឡើងវិញប្រឡាយមេចរឹក (Mc2) បង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សានិងរដូវប្រាំងជាង ២០០០ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១៦១៦គ្រួសារ ក្នុងឃុំចំនួន២ នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់ វឌ្ឍនភាពការងារសម្រេចបាន ១០០%។ បើតាម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ។
លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា ការងារគម្រោងស្តារឡើងវិញប្រឡាយមេចរឹក(Mc2) មាន៖ ១-ស្តារប្រឡាយមេ ប្រវែង ៥០០០ម៉ែត្រ ២-ជួសជុលភ្លឺប្រឡាយមេសងខាង ប្រវែង ៥០០០ម៉ែត្រ ៣-ក្រាលក្រួសក្រហម ប្រវែង ៥០០០ម៉ែត្រ ៤-សាងសង់សំណង់បង្ហៀរចំនួន២ កន្លែង ប្រវែងសរុប ១៤៦ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកលើប្រឡាយមេ (ទ្វារ៤) ចំនួន ១កន្លែង។
លោក បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ១០០%។
លោកប្រធាន បានបន្តថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៩៧៥ហិកតា និងរដូវប្រាំងចំនួន ១១២៥ ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១៦១៦គ្រួសារ ក្នុងឃុំចំនួន២ នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)