ត្បូងឃ្មុំ-កំពង់ចាម៖ ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់ ១០០%។
ផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបានលទ្ធផល១០០% ហើយ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរ និងបានចង្អុលបង្ហាញឱ្យ រដ្ឋលេខាធិការក្រសួង ដែលជានាយកគម្រោងសាងសង់ផ្លូវនេះ ប្រឹងប្រែងធ្វើឱ្យកាន់ប្រសើរឡើង និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់តិចតួច ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់។
ផ្លូវជាតិលេខ៧១C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីចិន។
ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ ត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ (ក្នុងកិច្ចសន្យា) ២៤ខែ។
គួរបញ្ជាក់ថា ក្រុមការងារបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរបញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះជើងទេរផ្លូវ។ ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក មានសភាពធន់ រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ដោយរលូន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)