ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២ ៦៤០ ៩៩៩នាក់ កើនឡើង ២២.១% បើប្រៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ បើតាមក្រសួងទេសចរណ៍។
ភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦ ៤៣៥នាក់ ផ្លូវគោកប្រមាណ ១ ៦១២ ៥៤៧នាក់ និងផ្លូវទឹកប្រមាណ ៤២ ០១៧នាក់។ បើតាមការបន្ត ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ បានបន្តទៀតថា ៥ខែដើម ឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០ ៦៨៨ ០៧៣នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេស ចំនួនប្រមាណ ១ ៩០៦ ៨០០នាក់ កើន ៦៩.១% បើប្រៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។
គូសបញ្ជាក់ថា ភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេមានដូចជា៖ ១-ប្រទេសថៃ, ២-ប្រទេសវៀតណាម, ៣-ប្រទេសចិន, ៤-ប្រទេសឡាវ, ៥-សហរដ្ឋអាមេរិក, ៦-ប្រទេសកូរ៉េខាងត្បូង, ៧-ប្រទេសឥណ្ឌូណេស៊ី, ៨-ប្រទេសបារាំង, ៩-ចក្រភពអង់គ្លេស និង ១០-ប្រទេសជប៉ុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា គ្រោងចំណាយថវិកា ៥០លានដុល្លារ លើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ សម្រាប់ឆ្នាំ២០២៤ ២០២៥៕
ដោយ៖ មឿន ឌីណា (Moeun Dyna)