ត្បូងឃ្មុំ៖ គម្រោងស្តារឡើងវិញទំនប់អាងទឹកកណ្តេរ ដើម្បីបង្កើនបរិមាណស្តុកទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋប្រមាណ ២៧៤គ្រួសារ ស្ថិតក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ វឌ្ឍនភាពសម្រេចបានប្រមាណ ៩៥%។ បើតាម លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យគម្រោងវឌ្ឍនភាព។
តាមការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងនេះ លោក បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ។
លោក ប៊ុន ហ៊ាន បានឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញទំនប់អាងទឹកកណ្តេរ រួមមាន៖ ១-ជួសជុលដីទំនប់ និងក្រាលដីក្រួសក្រហមលើខ្នងទំនប់ប្រវែង ៧ ៤០០ម៉ែត្រ និង ២-សាងសំណង់បង្ហៀរចំនួន ១កន្លែង ប្រវែង ១០០ម៉ែត្រ។ លោក បានបញ្ជាក់ថា បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥%។
លោក បានបន្តថា ការស្តារឡើងវិញទំនប់អាងទឹកកណ្តេរ គឺដើម្បីបង្កើនបរិមាណស្តុកទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ២៧៤គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នាឱកាសន៉ លោក បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវយូរអង្វែង។
បើតាម ក្រសួងធនធានទឹក ទំនប់អាងទឹកកណ្តេរបានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេមេគង្គ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៩ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៧១៥ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ៧១៥ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៦២៣ហិកតា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)