ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន១៣ បាននិងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ។
គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។
គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។
បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំខាងក្នុងក្រសួងធនធានទឹក និងឧតុនិយម រៀបចំខាងក្រៅ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)