កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ១ ៨៥៩ក្បាលដី នៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស (ប្លុកZ) ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។
នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានការចូលរួម ពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារ ចលនាយុវជនស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៣៧៥,១៩១បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២១៥លើក ស្មើនឹង ២៩៤,៧៤៣បណ្ណ។
លោក បានបន្តថា ថ្ងៃនេះគឺជាលើកទី២១៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិស៊ីធិរលិច ឃុំស៊ីធរ និងភូមិស្វាយមាស (ប្លុកZ) ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល សរុបចំនួន ១,៨៥៩បណ្ណ។
លោក ប្រធានមន្ទីរ បានបន្ថែមថា ក្នុងនោះ ១-ភូមិស៊ីធរលិច មានក្បាលដីសរុបចំនួន ១,១៦៨ក្បាលដី ចេញបណ្ណបានចំនួន ១,១០៥ក្បាលដី វិវាទនិងម្ចាស់មិនចូលរួមចំនួន ៦៣ក្បាលដី, ២-ភូមិស្វាយមាស (ប្លុកZ) មានក្បាលដីសរុបចំនួន ៨៨៣ក្បាលដី ចេញបណ្ណបាន ៧៥៤ក្បាលដី វិវាទនិងម្ចាស់មិនចូលរួមចំនួន ១២៩ក្បាលដី។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ លោក គួច ចំរើន បានអបអរសាទរជាមួយ ប្រជាពលរដ្ឋ ក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស (ប្លុកZ) ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធិរបស់ខ្លួន។
លោក អភិបាលខេត្ត បានបន្តថា ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ ។ល។
លោក បានគូសបញ្ជាក់ថា ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នក កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល យកប្លង់ដី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)