ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤តោន ទទួលបានទឹកប្រាក់ចំនួនជាង ២៤៧លានដុល្លារ និងនាំចេញស្រូវជាង ២.៥លានតោន ទទួលបានទឹកប្រាក់ជាង ៧២៧លានដុល្លារ រយៈពេល៦ខែ ឆ្នាំ២០២៤។ បើតាម តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
អង្ករបរិមាណ ៣៣៨ ៦៥៤តោន ត្រូវបាននាំចេ តាមរយៈក្រុមហ៊ុនចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ក្នុងនោះ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ មានចំនួន ១៥៦ ៧៨៩តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២លានដុល្លារ, ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ មានចំនួន ៧៥ ៣៩៨តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១លានដុល្លារ។
ជាមួយគ្នានេះ ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស បរិមាណ ចំនួន ៧៤ ៥៥៤តោន គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារ។
និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣១ ៩១៣តោន គិតជាទឹកប្រាក់ចំនួន ២៧.៤២លានដុល្លារ។
គួរបញ្ជាក់ថា ចំពោះប្រភេទអង្ករ ដែលបាននាំចេញរួមមាន អង្ករក្រអូបចំនួន ៧០.៦៣% ប្រភេទអង្ករស ធម្មតា ២៥.០៧% អង្ករចំហ៊ុយ ២.៥៧% អង្ករសរីរាង្គចំនួន ១.៤៨% និងអង្ករផ្សេងៗចំនួន ០.២៥%។
ចំណែកឯ ការនាំចេញស្រូវចំនួន ២,៥២៨,០១១តោន ទទួលបានទឹកប្រាក់ប្រមាណជាង ៧២៧.៣៦លានដុល្លារ ក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)