កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ចំណុចចាប់ផ្ដើម ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ចំណុចបញ្ចប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ វឌ្ឍនភាពសម្រេចបាន ៦២,១១%ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
បច្ចុប្បន្ន ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និងការងារ Base Course ជាអតិបរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC គ្រោងបញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។ បើតាមការបញ្ជាក់ក្រសួង។
ទន្ទឹមនឹងនេះ ក្រសួង សុំការយោគយល់ អធ្យាស្រ័យខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណភាព ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់នេះ។
ជាពិសេស នៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧-១៤០។
គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។
ផ្លូវនេះ មានប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ផ្តើម នៅត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វមានកម្រាស់ ២៥ស.ម។
គម្រោងនេះ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ក្រោមជំនួយឥណទានសម្បទានពីកូរ៉េ ទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារ។
គូសបញ្ជាក់ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។
គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស។
ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។
បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)