ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ ដឹកនាំគណៈប្រតិភូធុរកិច្ចអូស្រ្តាលី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ខណៈ ភូធុរកិច្ចទាំងនេះ មកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល។
លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាង លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនិងវិនិយោគអូស្រ្តាលី ដឹកនាំដោយលោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និង លោក តាំង សិទ្ធី ប្រធានសភាពាណិជ្ចកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន។
បើតាមជំនួបនេះ កាលពីរសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៤ មានការចូលរួមផងដែរពីធុរជនអូស្រ្តាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងមន្រ្តីបច្ចេកទេសនៃគណៈកម្មាធិការវិនិយោគកម្ពុជាសរុបប្រមាណ ៣០រូប។
គណៈប្រតិភូធុរកិច្ចអូស្រ្តាលីដែលមកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល មានគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា បន្ទាប់ពីការប្រព្រឹត្តទៅដ៏ជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី ដែលសម្ដេចធិបតី បានអញ្ជើញជាអធិបតី ក្នុងអំឡុងពេលដែល ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
លោក នុត អ៊ុនវ័ណរ៉ា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូ និងថ្លែងអំណរគុណដល់ លោក ជឺនបូរាណ ច័ន្ទបូរី និងលោក តាំង សិទ្ធី ដែលបានដឹកនាំធុរជន និងវិនិយោគិនអូស្រ្តាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានឃើញដោយផ្ទាល់អំពីសក្ដានុពល និងកាលានុវត្តភាពថ្មីៗរបស់កម្ពុជា។
នាឱកាសនោះ អគ្គលេខាធិការរង សង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនអូស្រ្តាលី នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។
គួរកត់សម្គាល់ផងដែរថា គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានបង្ហាញអំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្ដានុពលរបស់កម្ពុជា ក្នុងវិស័យថាមពលបៃតង ទេសចរណ៍ កសិចំណីអាហារ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)