ភ្នំពេញ៖ លោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជក បានជួបពិភាក្សា ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីសក្ដានុពល និងវិស័យអាទិភាពសម្រាប់ការវិនិយោគនៅកម្ពុជា។
បើតាមជំនួបនេះ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន បានថ្លែងអំណរគុណជូនចំពោះ ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម។
ក្នុងនោះផងដែរ លោក ក៏បានស្នើសុំអនុសាសន៍ណែនាំពី លោក ស៊ុន ចាន់ថុល ពាក់ព័ន្ធជាមួយសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យអាទិភាពដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់នានាដែលជាសក្ដានុពលរបស់កម្ពុជាដែលបើកឱកាសកាសជូនគ្រប់បណ្ដាវិនិយោគិនទាំងការវិនិយោគដោយផ្ទាល់ពីបរទេស និងក្នុងស្រុកផងដែរ។
ជាការបង្ហាញជូននូវទឡ្ហីករជាក់ស្ដែងម្ដងហើយម្ដងទៀតអំពីកត្តាសុខសន្តិភាពរបស់កម្ពុជាដែលអនុញ្ញាតឱ្យកម្ពុជាបើកទ្វារចំហរចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់។ ក្រៅពីនេះផងដែរ មានកត្តាផ្សេងទៀតដូចជា ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា រដ្ឋាភិបាលគាំទ្រធុរកិច្ច ធនធានមនុស្សកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងមានទីផ្សារដែលមានភាពចំហរផងដែរ។
លោក ស៊ុន ចាន់ថុល បន្ថែមថា
ចំពោះវិស័យអាទិភាពស្របតាមច្បាប់វិនិយោគថ្មី ឆ្នាំ២០២១របស់កម្ពុជា និងស្របតាមផែនការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះបានផ្ដល់អាទិភាពលើការវិនិយោគផ្ទាល់ពីបរទេស និងផ្ដល់ការលើកទឹកចិត្ត ពិសេសលើវិស័យមានជាអាទិ៍ឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ កសិ-ឧស្សាហកម្ម និងការកែច្នៃចំណីអាហារជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)