ពោធិ៍សាត់៖ លោក ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន ១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ។
តាមការចុះពិនិត្យនេះ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ហិកតា។
ការស្នើសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំអន្តរក្រសួង និងការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ បានបញ្ចប់នៅវេលាម៉ោង១១ ព្រឹក ថ្ងៃខែឆ្នាំដដែល ប្រកបដោយជោគជ័យ ក្រោមបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត។
គណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)