ភ្នំពេញ៖ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។
បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារ។ បើតាមការបន្ត សេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងបន្តថា គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំឆមាសទី១ ឆ្នាំ២០២៤ រួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១-គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុន វិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣.៨៦០កន្លែង
២-គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ MW តាមរូបភាព Build- Operate-Transfer (BOT) ដែលមានទីតាំងស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិ យោគប្រមាណជាង ៤៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២០កន្លែង
៣-គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមាន ទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ប្រមាណជាង ១០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង
៤-គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង
៥-គម្រោងវិនិយោគអភិវឌ្ឍស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង
៦-គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួល សង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣កន្លែង
៧-គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គំ ដើមណូអែល និងសម្ភារៈបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២២លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ១.០៣៦កន្លែង
៨-គម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើប ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគីរី សាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ១៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥.១៥០កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១-គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសម្បកកង់រថយន្ត ដែលមានទីតាំងស្ថិត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង លើកទី១ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១២លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង និងលើកទី២ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១០៥លានដុល្លារ និងអាច បង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង
២-គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន ២៣៧កន្លែង
៣-គម្រោងវិនិយោគផលិតបន្ទះហ្វាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៣០លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ២៥៣កន្លែង
៤-គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ជាំង ស៊ូ ផ្លូវជាតិលេខ៦ នៅខេត្តកំពង់ចាម ក្នុងទុនវិនិយោគ ២៥លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ៦៨៤កន្លែង
៥-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ១៦៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង
៦-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង
៧-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណជាង ៣២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២កន្លែង
៨-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)