Register Already an agent ? Login

គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ជាប់វៀតណាម ២០%

ស្វាយរៀង៖ គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតនៅតំបន់ជាប់ព្រំដែនកម្ពុជាវៀតណាម ក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើគិតមកដល់ពេលនេះ វឌ្ឍនភាពសម្រេចបានប្រមាណ ២០%។ បើតាម លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពការងារ។

ការចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អាជ្ញាធរមូលដ្ឋាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មីនេះ គឺក្នុងគោលបំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោចស្រពក្នុងតំបន់បានគ្រប់រដូវកាលប្រកបដោយចីរភាព ព្រមទាំងជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្តសម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ។ ជាការបញ្ជាក់ លោក ថោ ជេដ្ឋា។

លោក ថោ ជេដ្ឋា បានបន្តថា ខ្នងប្រឡាយ និងអូរធម្មជាតិនឹងក្លាយជាផ្លូវគមនាគមន៍ដ៏មានប្រសិទ្ធភាពក្នុងការចរាចរណ៍ដឹកជញ្ជូនកសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹក ព្រមទាំងជួយពង្រឹងភាពធន់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រក្សាបាននូវលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម បណ្ដោយព្រំដែនកម្ពុជា-វៀតណាម។

បើតាម លោក រដ្ឋមន្រ្តី បានឱ្យដឹងថា ការងារសំខាន់របស់គម្រោងរួមមាន៖

១-ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ

២-ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ

៣-ស្តារប្រឡាយមេប្រវែង ៤,៨៧៦គីឡូម៉ែត្រ

៤-កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី

៥-ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង

៦-ជួលជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ៧-សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។

គួរបញ្ជាក់ផងដែរថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ត្រូវអនុវត្តរយៈពេល ១២ខែ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥ មានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ ១៦ ២០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣៧២៧គ្រួសារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)