Register Already an agent ? Login

គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ខេត្តកណ្តាល វឌ្ឍនភាពប្រមាណ៩៦,៣%

កណ្ដាល៖ វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រេចបានប្រមាណ ៩៦,៣% ខណៈ ការងារស្តារប្រឡាយព្រែកហូរ នៃគម្រោងនេះ សម្រេចបាន១០០%។

លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ លោក បានណែនាំដល់ក្រុមការងារបន្តយកចិត្តទុកដាក់ និងពន្លឿនការដោះស្រាយផលប៉ះដល់ប្រជាពលរដ្ឋ ដើម្បីស្តារកំណាត់ប្រឡាយដែលនៅសល់ឱ្យបានឆាប់រួចរាល់។

រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានបន្តចុះពិនិត្យស្ថានភាពប្រឡាយដែលហូរចូល និងហូរចេញពីទន្លេបាទី ព្រមទាំងចុះពិនិត្យសកម្មភាពរបស់ក្រុមការងារកំពុងធ្វើការវាស់វែងរយៈកម្ពស់អាងទន្លេបាទី ដោយប្រើប្រាស់ដ្រូន និង Echo Sounder ផងដែរ។

គូសបញ្ជាក់ថា ប្រឡាយព្រែកហូរ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង ៧,២គីឡូម៉ែត្រ ក្នុងនោះប្រឡាយរៀបថ្មប្រវែង ៣,៥គីឡូម៉ែត្រ និងប្រឡាយបេតុងប្រវែង ៣,៧គីឡូម៉ែត្រ។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារស្តារព្រែកហូរសម្រេចបាន ១០០%។

ដោយឡែក វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតសម្រេចបានប្រមាណ ៩៦,៣%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)