ភ្នំពេញ៖ ស្ត្រី បានដើរតួនាទីក្នុងវិស័យសេដ្ឋកិច្ចនិងការងារ យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញថាស្ត្រីចំនួន ៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គការសរុបនៅកម្ពុជា។ ជាការលើកឡើង លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បាននញ្ជាក់ថា ស្ត្រីភាគច្រើនបានដើរតួនាទីក្នុងការដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងការលក់ផលិតផលទៅកាន់ទីផ្សារ។
តាមការលើកឡើង លោក អ៊ឹង កន្ថាផាវី បានដឹកនាំ គណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
លោកស្រី បានលើកឡើងបន្តថា តាមការសង្កេត ស្ត្រីបានដើរតួនាទីច្រើននៅក្នុងការអភិវឌ្ឍសហគមន៍ កសិកម្មចម្រុះ និងក្រុមផលិតមានសារៈសំខាន់ដែលស្ត្រីបានដឹកនាំការអភិវឌ្ឍមានសមត្ថភាពលើជំនាញផលិតកម្ម និងការគ្រប់គ្រងអាជីវកម្មនៅតាមសហគមន៍ផងដែរ និងបានដើរតួនាទីក្នុងការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនិងសហគមន៍តាមរយៈមុខរបរក្រៅពីកសិកម្មនិងសេវាអេកូទេសចរណ៍និងសហគមន៍តំបន់ការពារធម្មជាតិ។ល។
ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានគ្រប់គ្រងក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីត្រៀមចេញទៅបម្រើការងារនៅប្រទេសដែលក្នុងនោះស្ត្រីមានចំនួនស្មើនឹង៤១,៧១% នៃចំនួនពលករទៅក្រៅប្រទេស។ ជាការលើកឡើងបន្ថែម លោកស្រី អ៊ឹង កន្ថាផាវី បានឱ្យដឹងទៀតថា ក៏បានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ការជួយរកការងារជូនដល់ស្ត្រីនិងកុមារដែលមានពិការភាព ក្នុងនោះបានជួយឱ្យជនដែលមានពិការភាពសរុបប្រមាណ ៧៥៣៥ នាក់ បានចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ និងអង្គការនានាក៏ដូចជាវិស័យឯកជនផងដែរ។
បន្ថែមលើនោះ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក៏បានជំរុញក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅក្នុងមុខងារសាធារណៈ បច្ចុប្បន្នកំណើនស្ត្រីនៅក្នុងអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីបានកើនពីចំនួន ៤០% នៅឆ្នាំ២០១៩ ដល់ ៤២ % នៅឆ្នាំ២០២២កន្លងទៅនេះ។ ជាការឱ្យដឹងបន្តទៀត លោកស្រី អ៊ឹង កន្ថាផាវី ថាស្ត្រីដែលបានធ្វើការនៅក្នុងមុខងារសាធារណៈមានតួនាទីចាប់ពីអនុប្រធានការិយាល័យដល់អគ្គនាយក និងមានឋានៈស្មើប្រមាណ ២៧% នៅឆ្នាំ២០២២ ហើយស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្តមានចំនួន ៨០រូប ស្មើនឹង ១២,៨៤% និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌមានចំនួន ៧៨៩រូបស្មើនឹង ១៩,៧៥ %។
បើតាម រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងវិស័យអប់រំយុវជននិងកីឡា តួលេខក្នុងឆ្នាំសិក្សា២០២២ ដល់ ២០២៣ សិស្សស្រីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៥៧,៧៣% ក្នុងនោះ សិស្សស្រីជាប់និទ្ទេសមានចំនួនដល់ទៅ៥២,៦២% តែនៅក្នុងកម្រិតឧត្ដមសិក្សា ចំនួនស្ត្រីបានថយចុះជាបន្តបន្ទាប់ ដែលក្នុងការសិក្សាបានបង្ហាញថាក្នុងឆ្នាំ ២០២៣ និស្សិតស្រីកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាមាន ៤៥,៧៣% ហើយនិស្សិតដែលកំពុងសិក្សាមុខវិទ្យាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM មានចំនួន ៣០,៦៩% នៃចំនួននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ក្នុងនោះ និស្សិតស្រីមានចំនួនត្រឹមតែ ១៧,៧៤% ណ្ណោះ។
ពាក់ព័ន្ធនឹងការរីកចម្រើនខាងលើ ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានបង្ហាញនូវភាពប្រឈមនឹងកង្វល់ផ្សេងៗ តែក៏បានខិតខំបន្តដោះស្រាយទាក់ទងនឹងបញ្ហាអំពើហិង្សាគ្រប់រូបភាពនៅតែបន្តកើតមាននៅក្នុងគ្រួសារ នៅកន្លែងធ្វើការ និងនៅក្នុងសហគមន៍ ជាពិសេសការកើនឡើងនៃអំពើហិង្សាបង្កដោយការប្រើប្រាស់បច្ចេកវិទ្យា ដែលកើតឡើងនៅក្នុងសហគមន៍។ កិច្ចការនេះ ត្រូវការការពារសិទ្ធិស្ត្រីនិងការផ្ដល់សេវាចាំបាច់ជួយដល់ជនងាយរងគ្រោះដែលនៅតែជាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ក៏បានសំដែងនូវមោទនភាព ដែលសម្ដេចផ្ទាល់បានចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការអនុវត្តការងារនានាកន្លងមក។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា យើងត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន ៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។
សម្ដេចតេជោ គូសបញ្ជាក់ថា ថាត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។
សម្ដេច បានផ្ដល់អនុសាសន៍ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ជាចុងក្រោយ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថាត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឱ្យស្ត្រីដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។ ជាមួយគ្នា បានណែនាំឱ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)