Register Already an agent ? Login

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ វឌ្ឍនភាព៩៥,៣៨% គ្រោងបញ្ចប់មុនកិច្ចសន្យា១ឆ្នាំ

កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៥,៣៨% គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤។ ហើយបើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យា១ឆ្នាំ។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងនេះ បានដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃគុណភាពដំណើរការសាងសង់ ដើម្បីធានាបានការអនុវត្ថការងារដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។

បើតាមរបាយការណ៍ វឌ្ឍនភាពនៃគម្រោងនេះ ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់ ១០០% ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

គូសបញ្ជាក់ថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង។

ផ្លូវជាតិលេខ៣១នេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

សូមរម្លឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធីបភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ការស្ថាបនាផ្លូវនេះ ស្របការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣៣ ពីក្រុងកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។

ថ្លែងនាពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ និងលេខ៣៣ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នានិងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលបានសាងសង់រួច ធ្វើយ៉ាងណាជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែបនិងខេត្តកំពត កាន់តែច្រើនថែមទៀត។

ជាងនេះគម្រោងកែលម្អផ្លូវទាំងពីរនេះ ក៏នឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានសកម្មភាពកាន់តែមមាញឹកថែមទៀត។ ជាការញ្ជាក់ សម្តេចតេជោ បានបន្តថា ផ្លូវទាំងពីរខ្សែននេះមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត និងខេត្តកែប និងខេត្តដទៃទៀតប៉ុណ្ណោះទេ ផ្លូវនេះក៏ជាច្រករបៀងដ៏សំខាន់នៃការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជាជាមួយប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងប្រទេសថៃថែមទៀត។

នាពិធីនោះដែរ លោក ស៊ុន ចាន់ថុល ដែលជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវជាតិទាំងពីរខ្សែ គឺជាខ្សែផ្លូវតភ្ជាប់គ្នា ដ៏មានសក្តានុពល ស្ថិតនៅតំបន់ប៉ូលសេដ្ឋកិច្ចនៃខេត្តភាគនិរតី។ ការសាងសង់ផ្លូវជាតិទាំងពីរខ្សែនេះឡើងវិញ គឺដោយពិនិត្យឃើញថា ស្ថានភាពផ្លូវជាតិទាំងពីរខ្សែនេះ នៅមានកម្រិតទាប មានសភាពទ្រុឌទ្រោម និងកន្លែងខ្លះកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរ ដែលមិនអាចឆ្លើយតប ទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្នរបស់បណ្តាខេត្តនៅតំបន់មាត់សមុទ្រនេះ។

លោក បានបន្តថា ក្រោយបញ្ចប់ការសាងសង់ ផ្លូវជាតិទាំងពីរខ្សែនេះ នឹងចូលរួមចំណែកដល់ការតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ព្រមទាំងតភ្ជាប់ទៅនឹងតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ព្រំដែនកម្ពុជា-វៀតណាម និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តកែប និងខេត្តកំពត។

ផ្លូវជាតិទាំងពីរខ្សែនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលនឹងប្រែ ក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរនិងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅ ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ ជាការបន្ថែម លោក ស៊ុន ចាន់ថុល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)