Register Already an agent ? Login

ក្រុមហ៊ុន Lee Li Holdings Group នៅកាណាដា ស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពល សំខាន់ៗ៥ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Lee Li Holdings Group ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានឥទ្ធិពល ក៏ដូចជាទំនាក់ទំនងខ្ពស់នៅក្នុងអាជីវកម្ម ព្រមទាំងសហគមន៍នយោបាយនៃប្រទេសកាណាដា សំឡឹងឃើញឱកាសវិនិយោគលើវិស័យសក្តានុពលសំខាន់ៗ៥ នៅកម្ពុជា។ បើតាមជំនួប សម្ដេចធិបតី និងលោក Lee Q. Shim ជាប្រធានក្រុមហ៊ុននេះ កាលពីរសៀលថ្ងៃទី២ កក្កដា ២០២៤។

បើតាមជំនួប លោក Lee Q. Shim ជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន។

លោក បានគូសបញ្ជាក់ថា វិស័យសក្តានុពល រួមមាន៖ ១- វិស័យឧស្ម័ន និងប្រេង ២- វិស័យសុខាភិបាល ៣- មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ ៤-វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង ៥-វិស័យយានយន្ត។

នាឱកាសនោះ លោក ក៏បានលើឡើង អំពីក្រុមហ៊ុន Lee Li Holdings Group មានសេវាកម្មជាច្រើនវិស័យ ដូចជា៖ វិស័យម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ វេជ្ជសាស្ត្រ ភាគហ៊ុនឯកជន ឧស្សាហកម្មរុករករ៉ែជាដើម។

លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim និងសហការី ព្រមទាំងបានសម្ដែងនូវក្តីរីករាយ ដែលក្រុមហ៊ុនមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅ កម្ពុជា។

សម្ដេចធិបតី ក៏បានគូសរំលេចផងដែរថា កម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនៅប្រទេសកាណាដា គឺនៅទីក្រុងតូរុនតូ (Toronto) និងទីក្រុងម៉ុងត្រេអាល់ (Montreal) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា ក៏ដូចជាជួយសម្របសម្រួលការនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ប្រទេសកាណាដា និងពីប្រទេសកាណាដាមកកាន់កម្ពុជាផងដែរ។

ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន មកកាន់កម្ពុជានាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្ដេច នាយករដ្ឋមន្រ្តី្ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជន  ដោយផ្តល់ការលើកទឹកចិត្ត និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)