Register Already an agent ? Login

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន ៨៣,៥៨% គ្រោងបញ្ចប់នៅចុងឆ្នាំនេះ

កំពត៖ កាន់តែកៀកមែនទែនហើយ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន ៨៣,៥៨% ហើយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកំពត (បំបែកផ្លូវជាតិលេខ៣ ត្រង់ចំណុច គ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ខេត្តកំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប សម្រេចបាន ៨៣,៥៨% គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤។

គម្រោងនេះ គ្រោងនឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងចង្អុលបង្ហាញឱ្យ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួង និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង ព្រមទាំងក្រុមការងារ យកចិត្តទុកដាក់ និងចុះជាប់ជាប្រចាំលើដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣នេះ ដើម្បីធានាឱ្យប្រាកដថា អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ តម្លៃជាង ៦១លានដុល្លារ រយៈពេល៤០ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC និងប្រឹក្សាបច្ចេកដោយក្រុមហ៊ុនក្វាងចូវ វ៉ាងអាន ជាប្រភេទក្រាលបេតុងកៅស៊ូ (AC)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)