Register Already an agent ? Login

មកដឹងទីតាំង កន្លែងរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខ

កណ្ដាល៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ រដ្ឋមន្ត្រីមកពីក្រសួង អភិបាលខេត្ត និងក្រុមការងារជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ចុះពិនិត្យទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែសីហាខាងមុខ។

ការចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ អមដំណើរ ដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តកណ្ដាល និងក្រុមការងារជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រដល់គម្រោងប្រវត្តិសាស្រ្តនេះ។

គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប និងជាគម្រោងប្រវត្តិសាស្ត្រទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

គម្រោងនេះ នឹងបង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ លើតម្រាយខ្សែផ្លូវទឹកបុរាណដែលបានបន្សល់ទុកតាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពក្នុងទិសនិរតីនៃប្រទេសកម្ពុជា បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា និងបង្កើតប្រភពត្រីក្នុងព្រែកនិងបម្រើដល់វារីវប្បកម្ម ផងដែរ។

គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។

គម្រោងនេះ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)