Register Already an agent ? Login

គម្រោងសាងសង់ទំនប់អាងទឹកពាម នៅកំពង់ធំ ផ្តល់ទឹកប្រាំងនិងវស្សាលើដីជាង ២ពាន់ហិកតា វឌ្ឍនភាព៣៥%

កំពង់ធំ៖ វឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកពាម គ្របដណ្ដប់លើភូមិចំនួន១១ នៃឃុំម្យាក្រង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ សមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦២៦ហិកតា និងរដូវប្រាំងចំនួន ១៩៤៩ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១៥ហិកតា សម្រេចបានប្រមាណ ៣៥%។

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យគម្រោងនេះ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងសាងសង់ទំនប់អាងទឹកពាម សម្រេចបានប្រមាណ ៣៥%។

ក្នុងឱកាសនោះដែរ លោក ក៏បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុកដាក់លើគុណភាព និងបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

លោក បានគូសបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦២៦ហិកតា និងរដូវប្រាំងចំនួន ១៩៤៩ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១៥ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ២៤២៦គ្រួសារ។

គូសបញ្ជាក់ផងដែរថា គម្រោងសាងសង់ទំនប់អាងទឹកពាមគ្របដណ្ដប់លើភូមិចំនួន ១១ នៃឃុំម្យាក្រង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ​។​ ការងារសំខាន់ៗ​ របស់​គម្រោង​មានដូចជា៖ ១-​សាងសង់ទំនប់​ប្រវែង​ ២០០០ម៉ែត្រ​ ២-​សាងសង់សំណង់​បង្ហៀរ​ចំនួន ១កន្លែង និង​ ៣-សាងសង់សំណង់ទ្វារទឹក ចំនួន ​១កន្លែង​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)