Register Already an agent ? Login

ទិវាមច្ឆជាតិលើកទី១៩ មានការលែងត្រីមេពូជ និងកូនត្រីចំនួន ១,៥លានក្បាល និងវារីសត្វសរុបជាង ២០ប្រភេទ

កំពង់ចាម៖ ក្នុងឱកាសទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ឆ្នាំ២០២៤ មានការលែងត្រីមេពូជ និងកូនត្រី ចំនួន ១,៥លានក្បាល និងវារីសត្វសរុបជាង ២០ប្រភេទ ក្នុងនោះមានដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ ជាដើម ចូលក្នុងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ទិវាមច្ឆជាតិ លើកទី១៩ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១ ខែកក្កដា។

ទិវាមច្ឆជាតិ ១ កក្កដា នៅថ្ងៃនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ បើតាមទំព័រហ្វេសប៊ុក សម្តេចធិបតី។

សម្តេចធិបតី បានបន្តថា ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមាន មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ។ល។ នឹងត្រូវលែងចូលទៅក្នុងបឹងនេះ។

បឹងធំគឺជាបឹងធម្មជាតិដែលមានសក្តានុពលគ្របដណ្តប់លើស្រុកចំនួន៣ នៃខេត្តកំពង់ចាម រួមមាន ស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ ផ្ទៃបឹងមានទំហំប្រមាណ ១២៤៦ហិកតា នៅរដូវប្រាំង និង ៤៣៥៩ហិកតា នៅរដូវវស្សា ដោយទទួលបានរបបទឹកពីទន្លេមេគង្គ តាមបណ្តាព្រែកនានាក្នុងតំបន់។ បើតាមទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានបន្តថា ក្រសួងកសិកម្ម ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៣ មកតែងតែប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព សំដៅធានាសន្តិសុខស្បៀង អាហារូបត្ថម្ភប្រជាជនខ្មែរ ក៏ដូចជាសកលលោកទាំងមូល ព្រមទាំងចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់កសិទេសចរណ៍តាមបែបធម្មជាតិ ដោយរក្សាបាននូវប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌។

ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង។ បើតាម សម្តេចធិបតី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)