កំពត៖ រដ្ឋបាលខេត្តកំពត កំពុងរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ សាងសង់តាមរចនាបទខ្មែរសុទ្ធ ទីតាំងស្ថិតនៅតាមដងព្រែកកំពង់បាយ មុខសាលាខេតឈៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត។ ការសាងសង់នេះ ដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុង ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ខេត្តកំពត គឺជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងឆ្នេរសមុទ្រកម្ពុជា ដូច្នេះអាជ្ញាធរខេត្តនឹងជ្រើសយកការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាចំបង។
លោក បានបន្តថា ក្រោយពីទទួលបានការគាំទ្រ និងមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត បន្ទាប់ពីមានការស្ថាបនាឱ្យមានឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក អាជ្ញាធរខេត្តបាននិងកំពុងរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ។
លោក បានគូសបញ្ជាក់ថា ដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុងកំពត ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀត នាឡិការនេះ ត្រូវបានសាងសង់តាមរចនាបទខ្មែរសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅតាមដងព្រែកកំពង់បាយ មុខសាលាខេតឈៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត។
ស្របពេលជាមួយនឹងការសាងសង់នាឡិកានេះដែរ អាជ្ញាធរខេត្តកំពត ក៏បាននឹងកំពុងរៀបចំស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីឱ្យខេត្តមួយនេះមានឆ្នេរសមុទ្រឱ្យភ្ញៀវទេសចរមកលេងកម្សាន្តដូចខេត្តបីផ្សេងទៀត។ បើតាមការបន្ថែម លោក ម៉ៅ ធនិន។
បើតាមកិច្ចប្រជុំ អភិបាលខេត្តកំពត រំពឹងថាក្រោយពីសាងសង់នាឡិកា និងស្ថាបនាឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តរួចហើយ កំណើនសេដ្ឋកិច្ចក្នុងខេត្ត ពិសេសចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងតាមរយៈវិស័យទេសចរណ៍។
តាមការបញ្ជាក់ពី អជ្ញាធរខេត្តកំពត បានឱ្យដឹងថា នាឡិកានេះគ្រោងសាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ខាងមុខ ក្នុងចន្លោះខែតុលា-វិច្ឆិកា ឆ្នាំ២០២៤។
គូសបញ្ជាក់ថា ក្រោយពីមានសមិទ្ធផលទេសចរណ៍ដែលបង្កើតឡើងដោយរដ្ឋបាលខេត្ត ក្នុងមួយសប្តាហ៍ៗមានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់ ដែលបានធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង និងមានភាពធូធារជាងមុនតាមរយៈការទទួលផលពីវិស័យទេសចរណ៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)