Register Already an agent ? Login

កម្ពុជា មានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង៧៥ម៉ឺនមូលដ្ឋាន កម្លាំងពលកម្មជិត៣លាននាក់ ផ្តល់ការងារលើសពី៧០%

ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២នាក់។ នេះបើតាមសារលិខិត សម្តេចធិបតី ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងសារលិខិត បានបន្តថា យោងតាមរបាយការណ៍ដដែល លទ្ធផលជំរឿនបានបង្ហាញថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិន រាប់បញ្ចូលវិស័យកសិកម្ម)។

បច្ចុប្បន្ន សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប ផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅ ទូទាំងពិភពលោក។ បើតាមសារលិខិតដដេល បានបន្តទៀតថា នៅក្នុងក្របខ័ណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧.២% ទៅ ៩៩.៩%) និងរួមចំណែកក្នុងរង្វង់ ៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសជាសមាជិកអាស៊ាន។

បើតាមសារលិខិត សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញ នូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

ការបន្តកសាងនិងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំពុះពារ និងសូមលើកទឹកចិត្តឱ្យគ្រប់សហគ្រាសនិងតួអង្គពាក់ព័ន្ធ ទាំងអស់ចូលរួមគាំទ្របេសកកម្មដ៏ពិសិដ្ឋនេះ។ ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្តនិងភាពទាក់ទាញដល់ការបង្កើននិង ការពង្រីកវិនិយោគបន្ថែម។ ជាការបន្តទៀត សម្ដេចនាយករដ្ឋមន្រ្តី។

សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ ហេតុដូចនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនា សម្ព័ន្ធរូបវន្តចាំបាច់នានាដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាពង្រឹងយន្តការស្ថាប័ននិងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍។

រាជរដ្ឋាភិបាល បានជំរុញនិងលើកទឹកចិត្ត ឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផល និងសេវាកម្មរបស់ខ្លួន បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះបណ្តាលបុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គម ក៏ដូចជាការចាប់យកបច្ចេកវិទ្យានិងទំនើបកម្មខ្សែច្រវាក់ ផលិតកម្ម សេវាកម្មរបស់ខ្លួន។

ជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា សហគ្រាសទាំងអស់នឹងបន្ត ជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត និងសូមឱ្យប្រធានបទនៃទិវាជាតិលើកទី១នេះ ក្លាយជាថាមពលនិងកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់រុញច្រានកិច្ចសហការ ការគាំទ្ររវាងគ្នា និងការជួយជ្រោមជ្រែង គ្នាទៅវិញទៅមករវាងតួអង្គទាំងអស់នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ ដឹកនាំនៃក្រសួងស្ថាប័នទាំងអស់ សម្ដេចធិបតី មានការគាំទ្រនូវសកម្មភាពនិងវិធានការទាំងឡាយណា ដែលនឹងពូនជ្រំ និងជ្រោមជ្រែងឱ្យវិស័យនេះឱ្យកាន់តែរីកចម្រើន ដើម្បីវិបុលភាពនៃប្រជាពលរដ្ឋយើងគ្រប់ៗរូប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)