Register Already an agent ? Login

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ សម្ពោធឱ្យប្រើ ខណៈទី៣ តម្លៃ២៥៧លានដុល្លារ បើកការដ្ឋានសាងសង់

ភ្នំពេញ៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ប្រើថវិកាសរុបចំនួន ១៤៨,២លានដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ខណៈ ជំហានទី៣ គ្រោងប្រើថវិកាសរុបចំនួន ២៥៧លានដុល្លារ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភា​ព។

គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងគ្រោងប្រើថវិកាសរុបចំនួន ២៥៧លានដុល្លារ។ បើតាម លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ប្រភពមូលនិធិរួមមាន ប្រាក់កម្ចីចំនួ ន២១០លានដុល្លារ ពីទីភ្នាក់ងារ AFD, ៥លានដុល្លារ ដែលនៅសល់ពីជំហានទី១ និងជំហានទី២របស់ AFD, និងការវិនិយោគចំនួន ៤២លានដុល្លារ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

សហភាពអឺរ៉ុបគ្រោងផ្តល់ជំនួយឥតសំណងចំនួន ១២លានដុល្លារ សម្រាប់គម្រោងជំហានទី៣ នេះផងដែរ ដូចជំហានមុនៗ។ ជាការបន្តទៀត លោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកលើកាតព្វកិច្ចពន្ធនាំចូល និងអាករផ្សេងៗ។ គម្រោងជំហានទី៣នេះ នឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣២% ពោលគឺកើនឡើងពី ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ ដល់ ៤៦០លានម៉ែត្រគូប នៅឆ្នាំ២០២៣ ក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកស្អាតបានប្រមាណ ២៧៩លានម៉ែត្រគូប ស្មើនឹង ៦០% នៃបរិមាណទឹកស្អាតសរុបទូទាំងប្រទេស។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣ជំហាន គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ៦៦០ លានដុល្លារអាម៉េរិក ដែលរួមមាន៖ ឥណទានសម្បទានពី AFD ចំនួន ៤១០លានដុល្លារ, ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០លានដុល្លារ, ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦លានដុល្លារ, និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១២៤លានដុល្លារ។

គួររម្លឹកផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គឺជាគម្រោងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា។

បន្ទាប់ពីចំណាយពេលក្នុងការសាងសង់អស់រយៈពេល ២៦ខែ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៣ ដោយបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥,០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

គម្រោងជំហានទី២នេះ ប្រើថវិកាសរុបចំនួន ១៤៨,២លានដុល្លារ ដែលក្នុងនោះ ១១៤,៥លានដុល្លារ ជាហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), ៣៣,៧លានដុល្លារ ជាការវិនិយោគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយរាជរដ្ឋាភិបាលកម្ពុជារ៉ាប់រងកាតព្វកិច្ចពន្ធនាំចូល និងអាករផ្សេងៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)