Register Already an agent ? Login

កម្ពុជា-ចិន បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ សិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនសំណង់សៀងហៃ បានបើកកិច្ចប្រជុំ ពិភាក្សាលើរបាយការណ៍ នៃការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧)។

បើតាមកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន ជាមួយក្រុមហ៊ុនសំណង់សៀងហៃ (SCG) មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។

ក្រុមហ៊ុនសំណង់សៀងហៃ បានធ្វើបទបង្ហាញជូនអង្គប្រជុំពីការកែសម្រួលចំណុចខ្លះដែលថ្នាក់ដឹកនាំក្រសួងបានមានមតិកែលម្អកាលពីប្រជុំនាពេលកន្លងមក ដូចជាការងារដាក់លូ សាងសង់ស្ពានថ្មី គន្លងផ្លូវពុះចែកទ្រូងថ្នល់ និងការសាងសង់ស្ថានីយជញ្ជីងរថយន្ត ដោយពិនិត្យទៅលើជម្រើសដែលសមស្រប មានគុណភាព និងអាចកាត់បន្ថយផលប៉ះពាល់បានច្រើន។

បើតាមកិច្ចប្រជុំ លោក ឈួន វិន បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងភាគីក្រុមហ៊ុន ឱ្យសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងការរៀបចំប្លង់លម្អិតតាមផ្នែកនីមួយៗឱ្យបានហ្មត់ចត់ មុននឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំពិនិត្យសម្រេចជាបន្ត ដើម្បីពន្លឿនការងារសាងសង់ផ្លូវនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)