កំពង់ឆ្នាំង៖ ការងារជួសជុលខួបទំនប់ព្រែកជីកលំហាច នៃប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សម្រេចបានប្រមាណ ៩០% ខណៈ ជំរុញពន្លឿនការងារឱ្យឆាប់សម្រេចបាន ១០០ភាគរយ ព្រោះរដូវវស្សាបានឈានមកដល់។
លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ អនុប្រធាន និងមន្រ្តីបច្ចេកទេសរបស់នាយកដ្ឋាន បានដឹកនាំគណៈប្រតិភូក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យមើលវឌ្ឍនភាពការងារជួសជុលខួបទំនប់ព្រែកជីកលំហាច នៃប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
តាមការចុះពិនិត្យថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក ផាង វី បានឱ្យដឹងថា ទំនប់ព្រែកជីកលំហាចបានជួបស្ថានភាពហូរច្រោះដាច់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នៅរដូវវស្សាឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤នេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម បានជួសជុលថែទាំខួបទំនប់ឱ្យបានល្អប្រសើរឡើងវិញ ដើម្បីរក្សានិរន្តរភាពប្រព័ន្ធក្នុងការតម្កល់ទឹកទុក និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ។
បើគិតមកដល់ពេលនេះ វឌ្ឍនភាពការងារជួសជុលទំនប់សម្រេចបានប្រមាណ ៩០%។ បើតាមការបញ្ជាក់ លោក ផាង វីបានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់លើគុណភាព និងបទដ្ឋានបច្ចេកទេស ជាពិសេសជំរុញពន្លឿនការងារឱ្យឆាប់សម្រេចបាន ១០០ភាគរយ ព្រោះរដូវវស្សាបានឈានមកដល់ហើយ។
គួររម្លឹកថា ទំនប់ព្រែកជីកលំហាចសាងសង់នៅក្នុងរបបប៉ុលពតបានទទួលទឹករស់ពីប្រភពស្ទឹងបំណក់ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតពីភ្នំស្រែអំបិលខេត្តកំពង់ឆ្នាំង មានតួនាទីយ៉ាងសំខាន់ដើម្បីរំដោះទឹកជំនន់ ព្រមទាំងតម្កល់និងបង្វែរទឹកពីស្ទឹងបរិបូណ៌សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រព័ន្ធធារាសាស្ត្រលំហាច ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងបម្រើឱ្យគ្រប់វិស័យ។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រលំហាច រួមមាន ប្រឡាយមេបេតុង ១ខ្សែ ប្រវែង ១៦៣៩៦ម៉ែត្រ ប្រឡាយរងដី ១ខ្សែ មានប្រវែង ៨៨១ម៉ែត្រ និងប្រឡាយរងបេតុង ១៣ខ្សែ ប្រវែងប្រមាណ ៤២ ៣៦៣ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពក្នុងឃុំចំនួន៤ នៃស្រុកបរិបូណ៌ និងមានប្រជាពលរដ្ឋទទួលផលចំនួន ១៣៣៤គ្រួសារ ព្រមទាំងមានសក្តានុពលស្រោចស្រពលើផ្ទៃដីចំនួន ៥១៨៣ហិកតា និងជួយដល់ការគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)